ព័ត៌មានជាតិ

ម្ចាស់បុរីព្យាយាមលាក់ព័ត៌មានជិតឈឹង សូម្បីអាជ្ញាធរក៏មិនដឹងដែរករណីបាក់ជញ្ជាំងសង្កត់ក្មេងស្លាប់ចំនួន៣នាក់នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង១និង១០នាទី រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ចំណុចការដ្ឋានបុរីមួយកន្លែង កំពុងសាងសង់ថ្មី នៅខាងកើតវត្តឬស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីក្មេង៣នាក់ ត្រូវបានបាត់បង់ជីវិតត្រឹមមួយរំពេចពេលកំពុងអង្គុយលេង ហើយក៏ត្រូវជញ្ជាំងបាក់រលំសង្កត់ ជាប់នៅពីក្រោមគំនរឥដ្ឋយ៉ាងអាណោចអាធ័ម ហើយម្ចាស់បុរីព្យាយាមលាក់ព័ត៌មានជិតឈឹង សូម្បីអាជ្ញាធរមូលដ្ឋានក៏មិនបានដឹង រហូតសាកសពក្មេងដឹកដល់ស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ទើបមានការភ្ញាក់ផ្អើលឡើង។

សាកសព ក្មេងទាំង៣នាក់ខាងលើ ទី១មានឈ្មោះ ឆេង ញ៉ ភេទប្រុស អាយុ៧ឆ្នាំ ទី២ ឆេង ចម្រើន ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ម៉េង នី អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ ព្រុំ ហួន អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ជាជាងសំណង់រៀបឥដ្ឋ) និងសពក្មេងទី៣ ឈ្មោះ ម៉េង ទូច ភេទស្រី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ម៉ាប់ ឡុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះ ឆេង នាង អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ជាជាងសំណង់រៀបឥដ្ឋ)។

សូមបញ្ជាក់ថា ករណីបាក់ជញ្ជាំងរលំសង្កត់ក្មេងរហូតស្លាប់ដល់ទៅ៣នាក់នេះ ភ្លាមៗម្ចាស់ទីតាំងមិនបានរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននោះទេ បានធ្វើការកាយសាកសពក្មេងចេញពីក្រោមគំនរឥដ្ឋ បញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើត ហើយសាកសពក្មេងរងគ្រោះទាំង៣នាក់ បានដឹកដល់ស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៤ ខែមិថុនា នេះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរ​តែម្តង៕

 

មតិយោបល់