ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរ នាំគ្រោះថ្នាក់! រថយន្ត NAVARA បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យការខូចខាត

ភ្នំពេញៈ បុរសនារី ២នាក់ បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ក្នុងស្ថានភាពស្រវឹង ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យការខូចខាត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញប្រុសស្រី ២នាក់ បើករថយន្ត១គ្រឿង ម៉ាក NISSANNAVARA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-0100 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៧១ ជាមួយល្បឿយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ រថយន្តបង្ក ស្រាប់តែជ្រុលចង្កូតទៅខាងឆ្វេងដៃ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកខ្ទាតរាយប៉ាយពេញផ្លូវអស់ចំនួនពីរផ្ទាំង។ ចំណែកឯរថយន្តបង្ក បានឡើងទៅកល់ជាប់ពីលើរបាំងថ្ម រងការខូចខាតក្រពឹតមួយកំណាត់មុខយ៉ាងដំណំ។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បាននាំគ្នាចុះពីលើរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់សម្រោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចទាក់ទងជំនាញឲ្យចុះវាស់វែង និងស្ទូចរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់