ភ្នំពេញៈ នារីវ័យក្មេងម្នាក់ បានរត់ចូលទៅការដ្ឋានសំណង់មួយកន្លែង ក្នុងស្ថានភាពស្រវឹង ប្រាប់ថាមានគេដឹកនាងទៅដេក នៅផ្ទះសំណាក់ តែត្រូវនាងរត់ចុះពីលើម៉ូតូស្រែកឆោទ្បោ បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១ និង ៤០នាទីយប់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២០ ត្រង់ចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីខាងលើឈ្មោះ ធី មណ្ឌល អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅឯខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ជួល ភូមិ-សង្កាត់កើតហេតុ។
តាមប្រភពព័ត៌មាននារីរងគ្រោះ បានឲ្យដឹងថា នាងបានស្គាល់នារីម្នាក់ តាមបណ្ដាញសង្គមហ្វេសប៊ុក រយៈពេលពីរខែ បានឆាតឲ្យរូបនាង មកស្នាក់នៅជាមួយគេ ដើម្បីជួយរកការងារធ្វើ ខណៈរូបនាងមកដល់បានពីរថ្ងៃ នារីដែលនាងស្គាល់នោះ បានបបួលនាងទៅផឹកស៊ី ក្នុងបន្ទប់ជួលបុរសម្នាក់ នៅក្នុងភូមិ-សង្កាត់កើតហេតុ។
ប្រភពបានបន្តទៀតថា ខណៈទៅដល់បន្ទប់ជួលបុរសនោះ បានទិញស្រាបៀរមកផឹកស៊ីជុំគ្នា៣នាក់ រហូតដល់ស្រវឹងរៀងៗខ្លួន នារីដែលនាងស្គាល់ បានរត់គេចខ្លួនបាត់ បន្សល់នៅតែរូបនាងជាមួយនឹងបុរស ជាម្ចាស់បន្ទប់ ហើយបុរសរូបនោះ បានដឹកនាងតាមម៉ូតូមួយគ្រឿង មិនចាំម៉ាក មកដល់កន្លែងកើតហេតុ បានប្រាប់នាងថា ទៅដេកនៅផ្ទះសំណាក់យកថ្លៃប៉ុន្មាន ពេលនាងឮបែបនេះ នាងបានឲ្យបុរសខាងលើនោះឈប់ម៉ូតូ បើមិនឈប់ម៉ូតូទេ រូបនាងនិងលោតពីលើម៉ូតូ។
ភ្លាមៗនោះបុរសខាងលើ បានឈប់ម៉ូតូ ហើយនាងក៏រត់ចូលក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងស្ថានភាពស្រវឹង ស្រែកឲ្យគេឯងជួយ បង្កឲ្យមានការភ្ញាក់ផ្អើល ទើបមានការរាយការណ៍ទៅប្រាប់ នគរបាលរដ្ឋាបាល ប៉ុស្តិ៍ចោមចៅ៣ ឲ្យចុះមកកន្លែងកើតហេតុ ដើម្បីសួរនាំ៕
មតិយោបល់