ព័ត៌មានជាតិ

ក្មេងស្រីអាយុ ៧ ឆ្នាំ ដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗ

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកក្មេង ដើរឆ្លងផ្លូវ ត្រង់ចំណុចភូមិអង្គរខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវ១៤៥ ពីផ្សារបាំងសី បណ្ដាលឲ្យស្លាប់ភ្លាមៗ។

រថយន្តបង្កម៉ាកផេនធ័រ ពណ៌ខ្មៅ ផ្ទុកទម្ងន់២,៥កន្លះ ពាក់ផ្លាកលេខ ភ្នំពេញ 3A-4728 បើកបរដោយឈ្មោះ ង៉ែត ថេត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តតាកែវ និងឈ្មោះ ម៉េង ឈៀង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាព្រូឡាន) បានបើកបរពីទិសខាងកើតទៅលិច។ មកដល់ចំណុចកើតហេតុ បានបុកក្មេងស្រីម្នាក់ ឈ្មោះ ដឺត ស្រីលាក់ អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ កំពុងដើរឆ្លងផ្លូវពីទិសខាងត្បូងទៅទិសខាងជើង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

សាកសព បានប្រគល់ទៅឲ្យអាណា ព្យាបាល ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្ត និងអ្នកបើករយន្ត ត្រូវបានសមត្ថកិច្ចឃាត់ទុក នៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីបំពេញនិតិវិធីច្បាប់៕

មតិយោបល់