កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះពលរដ្ឋ២ខ្នង នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរងការឆេះ ខណៈឆ្លងចរន្តអគ្គិសនីឆេះចេញ ពីផ្ទះឈ្មោះ ឯម នឿន និងឆេះរាលដាលដល់ផ្ទះឈ្មោះ ជា ចាន់ណា ដែលនៅជាប់គ្នា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣និង២៨នាទី។
ក្នុងហេតុការណ៍ឆាបឆេះនេះដែរ លោកវរសេនីយ៍ឯក សុខ យ៉េន ដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ ចុះមកអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ជួយពន្លត់អស់ទឹក០៤រថយន្ត ដោយទប់ស្កាត់បាន មិនរាលដល់ផ្ទះពលរដ្ឋផ្សេងទៀតទេ។
តាមរបាយការណ៍ បានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋដែលរងការឆាបឆេះនេះ នៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមមាន៖
ផ្ទះទី១របស់ឈ្មោះ ឯម នឿន ភេទស្រីអាយុ ៥៧ ឆ្នាំ មានទំហំ៨មx៩ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ រនាបឫស្សី បេតុងក្រោម ឆេះអស់ទាំងស្រុង និងខូចខាតសម្ភារមានដូចជា ៖ ម៉ាស៊ីនដេរ០៥គ្រឿង, ម៉ូទ័រ០១គ្រឿង, ក្បាលខ្យល់០១គ្រឿង, ម៉ាស៊ីនបូមទឹក០១គ្រឿង, ខ្សែកមាស១០ជី, លុយ១២០០ដុល្លារ, ទូដាក់ខោអាវ០៣, ម៉ូតូគប់ជ្រុង០១គ្រឿង, ខោអាវមួយចំនួន, ស្រូវ១៥០០គីឡូក្រាម, ចាន ឆ្នាំង កន្ទេល ខ្នើយ មុង ភួយ មួយចំនួនទៀត។
ផ្ទះទី២ ម្ចាស់ឈ្មោះ ជា ចាន់ណា ភេទស្រី អាយុ៣៧ ឆ្នាំឆេះផ្ទះអស់១ខ្នង មានទំហំ៧មx៩ម ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ រនាបក្តារ បេតុងក្រោមផ្ទះនេះឆេះអស់ ៧០ភាគរយ នឹងសម្ភារខូចខាតមានដូចជា៖ ទូធំ០១, គ្រែប្រអប់០១, ស៊ីទែនទឹក០១ នឹងចានឆ្នាំង ភួយមុងកន្ទេលមួយចំនួនទៀត។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចេញពីព្រីភ្លើង ផ្ទះឈ្នោះឯម នឿន។
សូមបញ្ជាក់ថា ចម្ងាយផ្លូវពីអធិការដ្ឋាន មកកន្លែងកើតហេតុប្រវែង១0 គីឡូម៉ែត្រ ដោយផ្ទះនៅជិតគ្នា៕
មតិយោបល់