ព្រះសីហនុៈ កាលពីវេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ៊ាង ចិត្រា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម៩ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ពីករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួ: ND125M 5258931 លេខម៉ាស៊ីនND125ME5258931 កាលពីវេលាម៉ោង០១ និង១០នាទី ដែលខ្លួនបានចតក្នុងផ្ទះ ។
ក្រោយទទួលបណ្ដឹង កម្លាំងជំនាញបានចុះទៅកាន់កន្លែងកើតហេតុ និងបានពិនិត្យកាំមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាប្រព្រឹត្ដបទល្មើស ។
ដោយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធចំនួន០៣នាក់ជាបន្ដបន្ទាប់ រួមនឹងវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួៈ ND125M 5258931 លេខម៉ាស៊ីន ND125ME5258931 នាំយកមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលក្នុងនោះមាន ៖
១-ឈ្មោះ ស្រ៊ុន សុភី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មុខសញ្ញាសកម្ម) មានទីលំនៅក្រុម១១ ភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្ដព្រះសីហនុ ជាជនដៃដល់ ។
២-ឈ្មោះ ចាន់ សំនៀង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់២ ក្រុង/ខេត្ដព្រះសីហនុ (អ្នកយកទៅបញ្ចាំ) ។
៣-ឈ្មោះ ផាត សុចាន់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម៣៥ ភូមិ៣(ទំនប់រលក) សង្កាត់១ ក្រុង/ខេត្ដព្រះសីហនុ (អ្នកទទួលបញ្ចាំ) ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងស្ដាប់ចម្លើយ និងបំពេញនីតិវិធី ដើម្បីបញ្ជូនបន្ដទៅកាន់អយ្យការអមសាលាដំបូងខេត្ដ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់