ព័ត៌មានជាតិ

ហួសចិត្ត! ដឹកៗមិនចេះមើលមាឌខ្លួនឯងសោះ

បន្ទាយមានជ័យៈ វាមិនមែនជាលើកទីមួយទេ ដែលរថយន្តធុនតូច ដឹកទំនិញសំពីងសំពោងលើសចំណុះ ដែលមិនគិតពីផលប៉ះពាល់ដល់អ្នកដទៃ ហើយមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាប ឬឃាត់ម្ចាស់យកមកអប់រំនោះទេ។ ទើបតែម្តងនេះ សមត្ថកិច្ចនគរបាលស្រុកព្រះនេត្រព្រះបានបញ្ចេញសាច់ដុំព្រមានដល់អ្នកបើកបរ និងម្ចាស់ទំនិញឲ្យបញ្ឈប់ជាបន្ទាន់ នូវការដឹកហួសចំណុះ និងសំពីងសំពោងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរទូទៅតាមដងផ្លូវ។

លោក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះថា ដោយអនុវត្តតាមផែនការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការងារសណ្តាប់ធ្នាប់ និងចរាចរណ៍ ជាពិសេសលើបញ្ហាការដឹកទំនិញសំពីងសំពោង ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង ទើបកាលពីព្រឹកថ្ងៃទី២៨នេះ លោកបានបញ្ជាឲ្យនគរបាលចរាចរណ៍ ធ្វើការឃាត់រថយន្ត១គ្រឿងម៉ាក អ៊ីស៊ុយស៊ុយ១បាំងកន្លះ ពណ៌ប៉ៃតងចាស់ ពាក់ស្លាកលេខ ប,០៨៨១,ភព២ ដែលបើកដឹកទំនិញពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ខេត្តសៀមរាប។

ការឃាត់រថយន្តនេះ ធ្វើឡើងដោយសារតែរថយន្តនេះ ដឹកទំនិញប្រភេទគ្រឿងបរិភោគ និងចានស្នោរ មានទំហំធំជាងតួររថយន្តរហូតអូសថ្នល់។ ក្រោយការឃាត់ រថយន្តខាងលើត្រូវកម្លាំងយកមករក្សាទុកនៅអធិការដ្ឋាន។ ចំណែកម្ចាស់ទំនិញ និងអ្នកបើករថយន្ត ត្រូវបាននាំមកធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការដឹកលើសច្បាប់កំណត់ ហើយឲ្យយករថយន្តមកផ្ទេរទំនិញទាំងនោះ ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា លោកតែងតែដាក់បទបញ្ជាដល់មន្ត្រីថ្នាក់ក្រោមត្រូវតែអនុវត្តឲ្យបាន ដូចភ្លៀងរលឹមលើការបង្ក្រាប និងឃាត់ លើយានយន្តទាំងឡាយណា ដែលល្មើសច្បាប់ ដូចជាការកែច្នៃ បំពង់ស៊ីម៉ាំងរថយន្ត និងម៉ូតូឲ្យឮ ដឹកសំពីងសំពោងហួសច្បាប់កំណត់ និងយានយន្តដែលមិនបំពាក់ឧបករណ៍បច្ចេកទេសគ្រប់គ្រាន់៕

photo_2016-10-28_09-27-45photo_2016-10-28_09-27-40photo_2016-10-28_09-27-42photo_2016-10-28_09-27-43photo_2016-10-28_09-27-44-2photo_2016-10-28_09-27-44

មតិយោបល់