ភ្នំពេញៈ បុរសពោះម៉ាយកូន ៣ម្នាក់ កើតមានអារម្មណ៍មិនល្អ សង្ស័យឈ្លោះជាមួយសង្សារ បែរជាខឹងចិត្តប៉ងផ្តាច់សង្ខាដោយលេបថ្នាំរមាស់អស់ ៤០គ្រាប់ និងរត់ទៅចងក តែមិនបានសម្រេច បន្ទាប់ពីក្រុមគ្រួសារ ដេញចាប់ឃាត់ ដឹកយកទៅពេទ្យម្តងហើយ តែជនខាងលើបានរត់ចេញពីពេទ្យ វិលមកផ្ទះ រត់ពេញភូមិ ផ្អើលសមត្ថកិច្ច ក្រុមគ្រួសារដេញចាប់សារជាថ្មី ដឹកយកទៅពេទ្យជាលើកទី២ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
បុរសខូចចិត្តខាងលើ គ្រាន់តែដឹងថា មានអាយុ ៤០ឆ្នាំ ប្រកបរបរ ជាអ្នករត់ម៉ូតូកង់បី ជាបុរសពោះម៉ាយ មានកូន ៣នាក់ ប្រុស ២នាក់ ស្រីម្នាក់ រស់នៅផ្ទះកើតហេតុខាងលើ តែមានសង្សារម្នាក់ផ្សេងទៀត ។
បើតាមក្រុមគ្រួសារបានឲ្យដឹងថា បុរសខាងលើ ក្រោយពីលែងលះជាមួយប្រពន្ធ មានអារម្មណ៍មិនសូវល្អ លុះមកដល់ល្ងាចថ្ងៃទី០៧ ម្សិលមិញនេះ គាត់មានជម្លោះជាមួយសង្សារ ធ្វើឲ្យអារម្មណ៍កាន់តែមួរម៉ៅទ្វេរឡើង ស្រាប់តែមកដល់រសៀលថ្ងៃទី០៨ ខែមិថុនា នេះ បុរសខូចចិត្ត បានយកថ្នាំ ប្រភេទព្យាបាលរមាស់ ចំនួន៤០គ្រាប់មកលេប ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់ រត់ឡើងទៅលើផ្ទះប៉ុនប៉ងចងកសម្លាប់ខ្លួនទៀត តែនៅមិនបានសម្រេច ដោយក្រុមគ្រួសារនាំគ្នាជួយចាប់ ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ មិនទាន់បានលាង សុង ក្រពះផង ជនរងគ្រោះបានរត់គេចចេញពីមន្ទីរពេទ្យ វិលមកដល់ផ្ទះ រត់ពេញភូមិ ផ្អើលពលរដ្ឋ សមត្ថកិច្ច ក្រុមគ្រួសារ ដេញចាប់ឃាត់ រួចដឹកតាមម៉ូតូទៅមន្ទីរពេទ្យម្តង ទៀត៕








មតិយោបល់