ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌឬស្សីកែវ បានឲ្យដឹងនៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះថា លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកា បង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិវៀតណាម ដែល រំលោភសម្លាប់ កុមារី អាយុ ៤ឆ្នាំ រួចញាត់ចូលពាងទឹក ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។
បើតាមសមត្ថកិច្ច លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះង្វៀង យាំងយី ហៅ អាដំឡូង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ដំឡូង ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈលើជនរងគ្រោះ ឈ្មោះ ខ ស ច អាយុ៤ឆ្នាំ យោងតាមមាត្រា ២០៥នៃក្រមព្រហ្មទណ្ឌ។ បើយោងតាមបទចោទនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទខាងលើ ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ ឪពុកម្តាយជនរងគ្រោះ ដោយបានចោទប្រកាន់ថា ជននោះបានចាប់រំលោភ និងសម្លាប់កូនរបស់ពួកគាត់ ញាត់ចូលក្នុងពាងទឹក កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ក្នុង ក្រុម៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
មតិយោបល់