ព័ត៌មានជាតិ

ចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់អភិរក្សផ្សោតទន្លេមេគង្គ

ក្រចេះ: លោក សរ ចម្រុង បានមានប្រសាសន៍ថា ខេត្តក្រចេះ មានទន្លេមេគង្គហូរកាត់ប្រវែង ១៤០គីឡូម៉ែត្រ ចាប់ពីប្រំប្រទល់ខេត្តស្ទឹងត្រែង រហូតដល់ព្រំប្រទល់ខេត្តកំពង់ចាម។ មានអន្លង់ត្រីមេពូជ និងអន្លង់សត្វផ្សោត សរុបចំនួន ៦៧អន្លង់ មានឆ្មាំទន្លេចំនួន ១២ក្រុម ដើម្បីការពារអភិរក្សសត្វផ្សោត និងទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ ហើយខេត្ត នៅមានខណ្ឌ និងផ្នែករដ្ឋបាលជលផលចាំចេញប្រតិបត្តិការនៅពេលដែលមានបទល្មើសនេសាទកើតឡើង។

លោក បានបន្តថា ក្នុងកិច្ចការការពារអភិរក្សសត្វផ្សោត គឺអាជ្ញាធរខេត្ត អាស្រ័យពឹងផ្អែកទាំងស្រុងទៅលើមន្ត្រីឆ្មាំទន្លេ ដែលមាន ១១ប៉ុស្តិ៍ ស្មើនឹង៤២នាក់ និងមានការគាំទ្រ ជួយឧបត្ថម្ភនូវសម្ភារ:ល្បាត សម្ភារ:បច្ចេកទេស ពីអង្គការ WWF ដើម្បីសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដែលកើតមានឡើងនៅក្នុងដែននេសាទក្នុងខេត្តក្រចេះ។

លោក បានបញ្ជាក់ថា ក្នុងនាមខ្លួនលោកផ្ទាល់ លោកបានទទួលបន្ទុក និងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅក្នុងស្រុកសំបូរជាញឹកញ៉ប់ តាមរយ:វេទិការសាធារណ: ព្រោះស្រុកសំបូរ គឺសំបូរដោយអន្លង់ត្រីមេពូជច្រើន ។ ដូច្នេះហើយ នៅគ្រប់វេទិការសាធារណ: អាជ្ញាធរ បានធ្វើការផ្សព្វផ្សាយអំពី ច្បាប់នេសាទ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យកុំឲ្យពួកគាត់ប្រព្រឹត្តបទល្មើស ឲ្យយល់អំពីតម្លៃជលផល ដែលសំបូរត្រីមេពូជនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ទទន្ទឹមនោះ អាជ្ញាធរខេត្ត ក៏មានវិធានការសហការគ្នារវាងក្រុមឆ្មាំទន្លេ និងគណ:បញ្ជាការឯកភាពស្រុក ក្នុងការបង្ក្រាបបទល្មើសនេសាទ។

ជាមួយគ្នានោះ លោក អេង ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍លើកឡើងថា ការចុះល្បាតតាមដងទន្លេនៅថ្ងៃនេះ គឺជាស្មារតីមួយក្នុងការលើកទឹកចិត្តឆ្មាំទន្លេឲ្យចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការបង្ក្រាប ។

លោក មានប្រសាសន៍បន្តថា ជាការពិតណាស់ សត្វផ្សោត គឺពិតជាមានសារ:សំខាន់ណាស់ទៅដល់វិស័យទេសចរណ៍របស់ខេត្ត និងប្រជាពលរដ្ឋដែលរស់នៅជាប់តាមដងទន្លេមេគង្គ ។ ទន្ទឹមនឹងនោះដែរ លោកក៏បានលើកឡើងអំពីបញ្ហប្រឈមមួយចំនួនក្នុងការការពារអភិរក្សសត្វផ្សោតនោះ ដោយលោក បានលើកឡើងថា សារាចរណ៍បានណែនាំហើយ ចំពោះអន្លង់ជាច្រើននៅក្នុងខេត្តក្រចេះ គឺកន្លែងដែលផ្សោតរស់នៅ ។ ដូច្នេះ ឧបករណ៍នេសាទដែលហាម មានដូចជា ឆក់ និងមុងក្រឡាធំ ព្រោះវាអាចធ្វើឲ្យផ្សោតមានគ្រោះថ្នាក់ដល់ជីវិត ។

លោក បានបញ្ជាក់ថា នៅក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមការងារអភិរក្សសត្វផ្សោត បានខិតខំការពារមិនឲ្យសត្វផ្សោតងាប់ច្រើន ដោយក្នុងរយ:ពេលនោះ មានត្រឹមតែ ៤ទៅ ៥ក្បាលដែលងាប់ក្នុងមួយឆ្នាំៗ ដែលជាចំនួនមួយមានការថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ។

សត្វផ្សោត គឺជាសត្វដក្រមួយប្រភេទ ដែលជិតផុតពូជហើយនៅលើពិភពលោក ហើយត្រូវបានប្រទេសកម្ពុជាការពារអភិរក្ស និងយកចិត្តទុកដាក់ខ្ពស់ ។ ពិសេស ជាងនេះទៅទៀត សត្វផ្សោត គឺពិតជាមានសក្ដានុពលខាងវិស័យទេសចរ និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ មិនត្រឹមតែប៉ុណ្ណោះ សត្វផ្សោត ត្រូវបានគេចាត់ទុកជាបេតិកភ័ណ្ឌមានជីវិត នេះបើតាមការអះអាងរបស់លោក ឈិត សំអាត ជានាយកប្រតិបត្តិប្រចាំប្រទេសរបស់អង្គការ មូលនិធិពិភពលោកសម្រាប់អភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលហៅកាត់ថា WWF ។ ការងារអភិរក្សសត្វផ្សោត មានសារ:សំខាន់ណាស់ ព្រោះវាបង្ហាញឲ្យឃើញពីបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី របស់ទន្លេមេគង្គ គឺនៅធម្មជាតិ និងមានភាពស្រស់បំព្រង។ លើសពីនេះ អង្គការ WWF បានសហកាជាមួយរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ជាពិសេសឯកឧត្តមអភិបាលខេត្ត ដែលតែងតែគាំទ្រ ហើយអង្គការ WWF និងបន្តសហការបន្ថែមទៀត ដើម្បីអង្គការ WWF ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សសត្វផ្សោតប្រភេទពូជដក្រនៅទន្លេមេគង្គយើងនេះ។

លោក បានបញ្ជាក់ថា បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គ មានចំនួនប្រមាណជាង ៨០ក្បាល ដោយក្នុងនោះមានកំណើនកូនផ្សោតតូចៗប្រហែល ៦ក្បាល ហើយចំនួនការងាប់របស់សត្វផ្សោតក៏មានការថយចុះផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។

គួរបញ្ជាក់បន្ថែមថា ក្នុងដំណើរបេសកកម្មម្សិលមិញនេះ ថ្នាក់ដឹកនាំនិងក្រុមការងារក៏បានដកហូតមងនៅក្បែរអន្លង់កាំពីបានចំនួន១១ ត្បូងមានប្រវែងជាង៥០០ម៉ែត្រផងដែរ ៕

photo_2016-08-05_10-55-39

photo_2016-08-05_10-55-40

photo_2016-08-05_10-55-38

photo_2016-08-05_10-55-40 (2)

photo_2016-08-05_11-11-54

photo_2016-08-05_11-11-55

មតិយោបល់