ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងប្រុស០៣នាក់ សង្ស័យចូលលួចអីវ៉ាន់នៅក្នុងផ្សារ

ប៉ៃលិន: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង ០០និង ០៥នាទីរំលងអធ្រាត្រយប់ថ្ងៃច័ន្ទឆ្លងចូល ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន បានទទួលព័ត៌មានពីកម្លាំងសណ្តាប់ធ្នាប់ការពារសន្តិសុខផ្សារសាមគ្គីថា មានក្មេងប្រុស០៣នាក់ សង្ស័យចូលលួចអីវ៉ាន់នៅក្នុងផ្សារសាមគ្គី ស្ថិតក្នុងភូមិប៉ាហ៊ីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីទទួលដំណឹងកម្លាំងប៉ុស្តិ៍ប៉ៃលិន សហការជាមួយកម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាល ក្រុងប៉ៃលិន ចុះទៅដល់កន្លែងកើតហេតុ បាននាំក្មេងប្រុសទាំង០៣នាក់ និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ផ្លាកលេខ ប៉ៃលិន ១B-៣៥៦៤ ដែលពួកគេជិះទៅ ធ្វើសកម្មភាព មកកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ។

អ្នកទាំង០៣មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ផេង សុភ័ក្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២.ឈ្មោះ វីន ឌីអាណាន់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៣.ឈ្មោះ នី សុខធីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងមាស ទីលំនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្រោយពីការសាកសួរអ្នកទាំង០៣ បានឆ្លើយសារភាពថា ពួកគេចូលទៅក្នុងផ្សារសាមគ្គី គោលបំណងទៅលួចសម្ភារ: នៅក្នុងផ្សារសាមគ្គី ដើម្បីយកទៅលក់ តែមិនទាន់បានលួចផង ក៏ត្រូវកម្លាំងសណ្តាប់ធ្នាប់ សន្តិសុខផ្សារសាមគ្គីប្រទះឃើញ ។ ហើយក្នុងចំណោម ០៣នាក់នោះ ជនសង្ស័យម្នាក់ឈ្មោះ ផេង សុភ័ក្រ បានឆ្លើយសារភាពថា ខ្លួនធ្លាប់បានចូលទៅលួចអីវ៉ាន់ នៅក្នុងផ្សារសាមគ្គីចំនួន០២ដងរួចមកហើយ៖

-លើកទី០១ គឺមានបក្ខពួកចំនួន ០២នាក់ ឈ្មោះ កែវ ភេទប្រុស និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បានចូលទៅលួចគាស់តូបលក់ខោអាវ ក្នុងផ្សារសាមគ្គីតាំពីឆ្នាំ២០១៩ ។
-លើកទី០២ គឺចូលលួចដែក បានចំនួន០២ដើម តាំងពីឆ្នាំ២០១៩ ។

បច្ចុប្បន្នករណីខាងលើនេះ ជនសង្ស័យ រួមទាំងវត្ថុតាង (ម៉ូតូ០១គ្រឿង) ត្រូវបានឃាត់ទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់