ព័ត៌មានជាតិ

Update៖ កម្មករលីសែងម្នាក់ ត្រូវកញ្ចក់គាបស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញៈ នៅវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតមុខសាលាបឋមសិក្សាច្បារអំពៅ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ អ្នកបើកបរធ្វេសប្រហែសបណ្តាលឲ្យកញ្ចក់រអិលគាប ជនរងគ្រោះស្លាប់។

ជនរងគ្រោះឈ្មោះ ម៉ៅ ឈិនឡុង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករលីសែង ស្នាក់នៅក្រុមហ៊ុន ប៉ាងលួង សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
អ្នកបើករថយន្តឈ្មោះ សៅ ខេន ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក Hyundia ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-7218។

ដំណើររឿង៖ មុនពេលកើតហេតុ អ្នកបើកបរបានរៀបចំលើកកញ្ចក់ចំនួន ១៥០ផ្ទាំង ដាក់លើរថយន្ត រុំក្រណាត់កៅស៊ូ រួចយកខ្សែចងកញ្ចក់ជាមួយជើងទម្រ តែពុំចងខ្សែជាប់រថយន្តទេ ហើយក៏បើករថយន្តទៅយកជនរងគ្រោះ និងកម្មករ ៤នាក់ទៀតនៅមុខវត្តនិរោធ ។ ពេលទៅដល់ជនរងគ្រោះ និងកម្មករក៏នាំគ្នាឡើងជិះរថយន្តផ្នែកខាងក្រោយ ដោយជនរងគ្រោះបានអង្គុយនៅត្រង់កន្លែងដែលគាបនោះ ទោះបីកម្មករផ្សេងទៀតបានប្រាប់ថា កុំឲ្យទៅអង្គុយត្រង់នឹង ខ្លាចមានគ្រោះថ្នាក់ក៏ដោយ ។ លុះពេលធ្វើដំណើរទៅដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿង បើកកាត់ពីមុខ ធ្វើឲ្យអ្នកបើករថយន្តជាន់ហ្រ្វាំងមួយទំហឹង បណ្ដាលឲ្យជើងទម្រដាក់កញ្ចក់រអិល ទៅគាបជនរងគ្រោះជាប់ជាមួយទ្រុងរថយន្តស្លាប់ភ្លាម។

ក្រោយពីកើតហេតុអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យឯស្រុកកំណើត៕

មតិយោបល់