ព័ត៌មានជាតិ

ផលិតផលម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់ជាច្រើន គីឡូក្រាម និង ៣៤.៥៦ លីត្រ ត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តព្រះវិហារ រកឃើញ និងដកហូត

ព្រះវិហារៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រប្រាស់​ កិច្ចការ​ប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតផលិតផលម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទដូចជា៖
-នំ (ម៉ាក្រពន្ធ) ចំនួន ០១ ថង់ ស្មើនឹង ១ គីឡូក្រាម
-កាពិកែវ ចំនួន ១៦ កែវ ស្មើនឹង ៣.២៣ គីឡូក្រាម
-នំពា ចំនួន ០១ កេស ស្មើនឹង ១០ គីឡូក្រាម
-ទិកក្រូច ចំនួន ០៩ យួរ ស្មើនឹង ៣៤.៥៦ លីត្រ
សរុបចំនួនផលិតផលដកហូតបាន ១៤.២៣ គីឡូក្រាម និង ៣៤.៥៦ លីត្រ។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

 

មតិយោបល់