ខេត្តព្រះសីហនុ៖លោក នូ សុផល ប្រធានមន្ទីរទេសចរណ៌ខេត្តព្រះសីហនុបានឲ្យដឹងថា រយះពេល ៨ខែដើមឆ្នាំ២០១៤នេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិ ៨៩១.២៦៤នាក់ មានការកើនឡើង២៤.២៤% ធៀបរយះពេល៨ខែ ដូចគ្នានឹងឆ្នាំ២០១៣ ។ កាលពីឆ្នាំ២០១៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១.០៣៣.៩២៥នាក់ កើនឡើងជាងឆ្នាំ២០១២ ១៨.៧៧% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៣១.៦០៤នាក់ កើន១១.២១% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣០២.៣២៥នាក់ កើន ៤២.១៧% ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ការកើនឡើងនូវចំនួនភ្ញៀវទេសចរដោយសារខេត្ត ព្រះសីហនុមានសក្តានុពលទេសចរណ៌ដូចជា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ កំពងផែអន្តរជាតិ គមនាគមន៌ និងគម្រោងវិនិយោគវិស័យទេសចរណ៌ជាច្រើនទៀតនៅតាមបណ្តាកោះមួយចំនួនក្នុងខេត្តព្រះសីហនុ ជាកត្តាសំខាន់ក្នុងការចូលរួមជំរុញកំណើន សេដ្ឋកិច្ច និងទេសចរសំដៅធានាឲ្នយមាននិរន្តរភាពវិស័យទេសចរណ៌ ។ ហើយនៅក្នុងរដូវបុណ្យភ្ជំបិណ្ឌនេះ មន្ទីរបានធ្វើការអប់រំដល់អាជីវករលក់ដូរទាំងអស់នៅតាមឆ្មេរសមុទ្រ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងអ្នកគ្រប់គ្រងអាជីវកម្មបំរើឲ្យវិស័យទេសចរទាំងអស់ ពិសេសរក្សាតម្លៃម្ហូបអាហារ សមរម្យសំដៅផ្តល់ឪកាសជំនឿទុកចិត្តកក់ក្តៅពីភ្ញៀវទេសចរ ព្រមទាំងជម្រុញការថែរក្សាអនាម័យ បរិស្ថាននៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួនឲ្យបានស្អាតជាប្រចាំ និងការចូលរួមប្រឡងប្រណាំទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ សំដៅឲ្យខេត្តព្រះសីហនុជាគោលដៅទេសចរណ៌បៃតង វប្បធម៌ និងធម្មជាតិ ។
ដោយឡែក លោក សេង ហួលាង ប្រធានក្រុមហ៊ុនទេសចរណ៌កោះរុងដាយស៊ីនធរ បានឲ្យដឹង បច្ចុប្បន្នភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានកាចាប់អារម្មណ៌ទៅលេងកំសាន្តនៅតាមបណ្តាកោះមួយក្នុងសង្កាត់កោះរុងយ៉ាងច្រើន ជាពិសេសភ្ញៀវទេសចរអន្តរជាតិពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងទ្វេដង ។ នៅរដូវប្រាំងក្នុងមួយថ្ងៃមានរហូតដល់៥០០នាក់ កាលពីប៉ុន្មានឆ្នាំមុន មានភ្ញៀវទេសចរទៅកំសាន្តនៅសង្កាត់កោះរុងប្រមាណពី៣០ ទៅ៥០នាក់ ក្នុងមួយថ្ងៃ តែនៅពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរបរទេសពួក គេកំពុងចាប់អារម្មណ៌ទៅលេងកំសាន្តនៅតាមបណ្តាកោះ ក្នុងសង្កាត់កោះរុងកាន់តែច្រើនឡើង ។ លោកសង្ឃឹមថា នៅពេលខាងមុខសង្កាត់កោះរុងនឹងក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរទៅលេងកំសាន្តជាក់ជាមិនខានឡើង ព្រោះដោយសារពេលនេះ យើងបានបំពាក់នូវទូកភ្លោះជិះទៅមានសុវត្ថិភាពដល់ភ្ញៀវ និងចំណេញពេលវេលា គឺទៅកោះរុងប្រើពេលតែ៤០ ទៅ៤៥នាទី ខុសប្លែកកាលមុនយើងជិះទូកប្រើរយះពេលពី ២ ទៅ ៣ម៉ោង ។
លោកប្រធានក្រុមហ៊ុនទេសចរណ៌កោះរុងដាយស៊ីនធរបានឲ្យដឹងបន្តទៀតថា នៅលើកោះយើងបានបង្កើតកន្លែងកំសាន្តកាន់តែច្រើនឡើង មានដូចជាស្ពានខ្សែកាបដែលឆ្លងកាត់ពីដើមឈើមួយទៅដើមឈើមួយ និងមានតំបន់អភិរក្សជាច្រើនកន្លែងទៀតសម្រាប់ភ្ញៀវទេសចរមកលេងកំសាន្ត ៕
មតិយោបល់