ភ្នំពេញៈ រថយន្តកូរ៉ូឡាបើកឆ្លងផ្លូវ ត្រូវបានរថយន្តតូយ៉ាតាព្រូសបុកពេញទំហឹង មិនទាន់អស់ល្បឿន ជ្រុលទៅចង្កូតបើកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២១៤ ត្រង់ចំណុចស្តុបផ្លូវភ្លោះព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តកូរ៉ូឡា ពណ៌ព្រីន ពាក់ផ្លាកលេខ ភ្នំពេញ 2W2884 មានអ្នកជិះក្នុងរថយន្តពីរនាក់ ធ្វើដំណើរពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុ គឺរថយន្តកូរ៉ូឡា បើកឆ្លងផ្លូវបែកជាបួន ទៅត្រង់ស្រាប់តែមានរថយន្តតូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-1550 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៤ ក្នុងទិសដៅពីលិចទៅកើត ជាមួយល្បឿនយ៉ាងលឿន បានអកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារថយន្តកូរ៉ូឡាពេញទំហឹង ផ្នែកខាងឆ្វេង បណ្តាលឲ្យទាញចង្កូតទាំងសងខាង ទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ផ្ទប់នឹងបង្គោលស្លាកប៉ាណូ រងការខូចខាត ចំណែករថយន្តតូយ៉ាតាព្រូស ខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោងទាំងសងខាង រីឯរថយន្តកូរ៉ូឡាវិញ ខូចខាតខ្ទេច និងក្រពឹតអស់មួយចំហៀងខាងឆ្វេង។
ភ្លាមៗនោះ ខាងអ្នកបើកបររថយន្តព្រូស បានបើកទ្វារ រួចរត់គេចខ្លួនបាត់ស្រមោល
បន្សល់ទុកតែអ្នកបើកបររថយន្តកូរ៉ូឡា រងរបួស ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ ដឹកយកទៅមន្ទីពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌ៧មករា បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់