ព័ត៌មានជាតិ

បងប្អូនប្រុងប្រយ័ត្ន! មន្រ្តីជំនាញរកឃើញ ទឹកដោះគោ ទឹកក្រូច ស្រាយិនស៊ិ ហួសកាលបរិច្ឆេទប្រើប្រាស់

កំពង់ឆ្នាំងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃចន្ទ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប ខេត្តកំពង់ឆ្នាំង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ ស្រាវជ្រាវ និងទប់ស្កាត់ នូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ នៅផ្សាររមាស ស្ថិតនៅ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានជ្រើសរើសយកគំរូមួយចំនួន ដើម្បីធ្វើតេស្តរកនៅសារធាតុហាមឃាត់មានដូចជា៖ ចង្កឹះ ស្ពៃតឿ ម្អម ជីវ៉ាន់ស៊ុយ ត្រីប្រាហើម ក្បាលត្រីប្រឡាក់ ត្រីងៀត ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆទប្រើប្រាស់រួមមាន៖
-ទឹកដោះគោ ចំនួន ២៣ ប្រអប់ ស្មើនឹង ៦.៣ គីឡូក្រាម ។
-ទឹកក្រូច ចំនួន ១១ ដប ស្មើនឹង ១៧.៦ គីឡូក្រាម ។
-ស្រាយិនស៊ិ ចំនួន ២៤ ដប ស្មើនឹង ៨.៦ គីឡូក្រាម ។
សរុបទំនិញដែលមន្ត្រីជំនាញដកហូតបានសរុបចំនួន ៣២.៥ គីឡូក្រាម។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប ខេត្តកំពង់ឆ្នាំង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅធ្វើការដុតកម្ទេចចោលភ្លាមៗ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់