បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដើម្បីភូមិ ឃុំ មានសុវត្ថិភាព និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការបារព្រំដែនបឹងសាគូ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ព្រមទាំងមានការសហការពីប្រជាពលរដ្ឋល្អ បានចុះបង្រ្កាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រីចំនួន០២នាក់ ជាជនជាតិថៃ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួន នៅចំណុចបន្ទប់ជួល ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ១-ផាត់ថាឆាត គ្រីត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AA6917469 ២-ឈ្មោះ ជីនវ៉ុនកាម៉ន សាវ៉ាន់យ៉ា ភេទស្រី ជនជាតិថៃ អាយុ៤៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ AA5682330 ។
លោកអធិការនគរបាលក្រុង បានបញ្ជាក់ថា ជាមួយនឹងកិច្ចប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបាន ធ្វើការដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាមសថ្លាចំនួន៣១កូនថង់ (សាមសិបមួយកូនថង់)-ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្ស (WY) ចំនួន៥៨ (ហាសិបប្រាំបីគ្រាប់) និងថ្នាំគ្រាប់ពណ៌បៃតងមានអក្ស (WY) ចំនួន១គ្រាប់-ជញ្ជីងថ្លឹងថ្នាំញៀន១-បំពង់កែវមួយចំនួន,ដបកែឆ្នៃសម្រាប់ជក់គ្រឿងញៀន៣,បំពង់ចូកថ្នាំ២, ដែកកេះ៣, ប៉ាស្ព័រ២ក្បាល និងទូរស័ព្ទដៃ២គ្រឿង។
លោកអធិការ វរសេនីយ៍ឯក ធិន ស៊ិនដេត បានបន្តថា ជនជាតិថៃទាំង០២នាក់នេះ បានមកស្នាក់នៅក្រុងប៉ោយប៉ែតយូរមកហើយ និងជាមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចបានធ្វើការតាមដាន ដោយមានការសហការល្អពីម្ចាស់ផ្ទះជួល ទើបសមត្ថកិច្ចឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនទាំង០២នាក់ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕
មតិយោបល់