ព័ត៌មានជាតិ

រថយន្តដឹកដើមដូង បើកលឿនពេលផ្លូវកោង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង របួសធ្ងន់ស្រាល៦នាក់

ភ្នំពេញ: យ៉ាងហោចណាស់មនុស្សចំនួន ៦ នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយរថយន្តដឹកដើមដូង បើកក្រឡាប់ខ្លួនឯង នៅចំណុចផ្លូវកោង។

ហេតុការណ៍នេះ កើតទ្បើងកាលពីម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦A ក្រុមទី២១ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ភ្លាមៗផងដែរ អ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីពេទ្យកាល់ម៉ែត្រ មិនទាន់ស្គាល់អត្តសញ្ញាណ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2P-2940 មានផ្ទុកដើមដូងជិត១០ដើមសំពីងសំពោង ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងអ្នកបើកព្យាយាមបួងចង្កូតគួបផ្សំ រថយន្តដឹកធ្ងន់ផង ក៏រ៉េចង្កូតធ្វើឲ្យក្រឡាប់រថយន្តតែម្តង។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវសមត្ថកិច្ចស្ទូចយកមករក្សាទុកបណ្តោះអាសន្ននៅផ្នែកជំនាញខណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់