ភ្នំពេញ៖បើទោះបីជាសហព័ន្ធកីឡាធ្លាប់បានអះអាងថា វិស័យកីឡា ក៏ដូចជាបាល់ទាត់នៅកម្ពុជា រីកចម្រើនគួរឲ្យកត់សម្គាល់ លើឆាកជាតិ និងអន្តរជាតិ តែវិស័យបាល់ទាត់របស់កម្ពុជាមិនទាន់បាននាំផ្លែផ្កាឲ្យ ប្រជាជនកម្ពុជា នៅឡើយនោះទេ ។
កន្លងមកមានការរិះគន់ជាច្រើនទៅលើ វិស័យបាល់ទាត់កម្ពុជា ថាមិនទាន់បាននាំពានអ្វីជាដុំកំភួនឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់បានឃើញឡើយ បើមិនបានទៅលេងជាមួយនឹងពួកអឺរ៉ុបនោះទេ យ៉ាងស្អុយបំផុតអាចលើកពានក្នុងតំបន់អាស៊ី តែពានអាស៊ីក៏ធ្វើមិនបានទៀត តើ ៥ ទៅ ១០ ឆ្នាំទៀត បាល់ទាត់កម្ពុជា នៅតែបន្តយ៉ាងនេះឬ ?
នៅពេលដែលចាញ់ ខាងសហព័ន្ធ តែងតែលើកយកហេតុផលនេះ ហេតុផលនោះ ដោយលើកឡើងថា វាជាការដកស្រង់បទពិសោធន៍ និងបច្ចេកទេស លទ្ធផលប៉ុណ្ណេះ អាចនិយាយបាយថា បាល់ទាត់កម្ពុជារីកចម្រើនគួរឲ្យកត់សម្គាល់ទៅហើយ ។ តែសម្តីទាំងនេះ គិតមកទល់នឹងពេលនេះ ជិត ១០ឆ្នាំទៅហើយ កម្ពុជានៅតែមិនទាន់មានមុខមាត់អ្វី ជាដុំកំភួន នៅឡើយ បើទោះបីជាបង្ហាញមុខមាត់លើឆាកអន្តរជាតិ ក្នុងទ្វីបអាស៊ីក្តី ។
តើមូលហេតុអ្វីបានជាបាល់ទាត់កម្ពុជានៅតែមិនអាចរីកចម្រើនទៅមុខ ?
បើទោះបីជាក្នុងសកម្មភាពក្នុងស្រុកមើលទៅ គគ្រឹកគគ្រេង ហាក់បីជាជារីកចម្រើន តែសកម្មភាព និងសមត្ថភាពទាំងនេះ មិនទាន់នឹងអាចឆ្លុះបញ្ជាំងជាមួយនឹងប្រទេសជិតខាង នៅឡើយទេ ។ មានមូលហេតុជាច្រើន ដែលត្រូវបានមហាជន ធ្វើការរិះគន់ទៅលើ បាល់ទាត់កម្ពុជា សឹងតែលែងចង់ស្តាប់ទៅហើយ អាចនិយាយបានថាជារឿងស៊ាំ ត្រចៀក របស់សហព័ន្ធកីឡាទៅហើយ ។ ក្នុងនោះមហាជនរិះគន់ថា មកពីមានអំពើពុករលួយក្នុងវិស័យ បាល់ទាត់កម្ពុជា ទោះស្ថិតក្នុងក្របខណ្ឌណាក៏ដោយ តម្រូវយកសាច់ញាតិជាធំ នៅពេលដែលចេញទៅលេងនៅក្រៅប្រទេសម្តងៗ ដោយទុកអ្នកមានសមត្ថភាពជាច្រើន នៅក្នុងប្រទេសទៅវិញ នេះសបញ្ជាក់ថាជាសិល្បៈចែករំលែក ការស្វែងរកលុយ នៅពេលដែលប្រកួតលើឆាកអន្តរជាតិ ។ អ្វីដែលសំខាន់បំផុត គឺមានរឿងមួយដែលចេញពី មាត់កីឡាភាគច្រើនបាននិយាយថា “ពេលទៅប្រកួតនៅលើឆាកអន្តរជាតិ កីឡាករគ្រប់រូបមានកម្លាំងចិត្ត និងសន្ទុះចង់ប្រកួតណាស់ ដើម្បីយកកេរ្តិ៍ឈ្មោះឲ្យជាតិ តែនៅពេលប្រកួតជាក់ស្តែងស្រាប់តែអ្នកដឹកនាំ ប្រាប់ថាទប់ៗ ឬកុំឲ្យស៊ុតច្រើនពេក ” ។ សម្តីនេះក៏បានបញ្ជាក់ថា កម្ពុជាមិនអាចឈ្នះនោះទេ ព្រោះមានអ្នកធំនៅក្នុងស្រុក កំពុងភ្នាល់ លុយធំ ។ មួយវិញទៀត សម្តីចេញពីមាត់កីឡាករភាគច្រើនដូចគ្នា រាល់ពេលចេញប្រកួត តែងតែប្រាប់បងប្អូន នៅក្នុងស្រុក ក៏ដូចជាពួកម៉ាក ឲ្យចាក់ខាងគេនៅពេលដែលកម្ពុជាប្រកួត ។
នរណាមិនចង់បានទៅលុយ …….. ទៅក្រៅម្តងៗបានលុយរាប់ពានពីចំណុចនេះ បើថ្នាក់លើបញ្ជាឲ្យធ្វើអ្វី ធ្វើតាមគេទៅ ក្តិយសក៏ចង់បានដែរ តែបើគេបញ្ជាទៅហើយ ត្រូវតែធ្វើ ។ នេះក៏ជាសម្តីអ្នកលេងបាល់ទាត់ធ្លោយមាត់ប្រាប់បងប្អូន មិត្តភក្តិ រហូតធ្លាយចេញទៅកាន់មហាជនជាច្រើន ។
ទម្រង់លេងដកស្រង់បទពិសោធន៍ ឬបច្ចេកទេសរបស់កម្ពុជា វាផ្តើមចេញពីអំពើពុករលួយតែប៉ុណ្ណោះ បើ់គ្មានការស៊ើបអង្កេត ដាក់កំហិតឲ្យដិតដល់នោះទេ បាល់ទាត់កម្ពុជា នឹងមិនមានថ្ងៃលើកពានក្នុងតំបន់អាស៊ី នឹងមិនសង្ឈឹមបានលេខ២ នៅក្នុងក្របខណ្ឌមួយៗឡើយ ។
អ្វីដែលកត់សម្គាល់ ការប្រកួតរវាងកម្ពុជាថៃ U23 ក្នុងក្របខណ្ឌ AFC U-23 Championship កម្ពុជាចាញ់ថៃ ២ ទល់នឹង ១ ហើយ លទ្ធផលនេះបញ្ជាក់ថាកម្ពុជាគ្រាន់បើ តែក្នុងលទ្ធផលដកស្រង់បច្ចេកទេសនៅឡើយ ។ ដោយឡែកប្រកួតជាមួយនឹងកូរ៉េខាងជើងវិញ ចាញ់ក្នុងលទ្ធផលបច្ចេកទេស ១ ទល់នឹង ៤ ។
លទ្ធផលនេះដែរបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាត្រូវហាលអាវ ដោយចាកចេញពី AFC U-23 Championship ។ លទ្ធផលនេះគួរស្តីបន្ទោសទៅលើនរណា ?
មតិយោបល់