ស្វាយរៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១រសៀល សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធអំពើចោរកម្ម ប្រព្រឹត្តនៅខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ៖
១-ឈ្មោះ សៅ ស៊ីដាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។
២-ឈ្មោះសៅ ប៊ុន្នី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី
៣-ឈ្មោះ ឡឹក ហុង ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ក្នុងនោះដកហូតរថយន្ត ០១ គ្រឿង ម៉ាកLexus RX 330 ព្រមទាំងម៉ូតូចំនួន១០ គ្រឿង ។
លោកឧត្តមសេនីយ៍ត្រីបន្តថា រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយពីសាកសួររួច សមត្ថកិច្ចបានប្រគល់ជនសង្ស័យចំនួន២នាក់គឺ ឈ្មោះ សៅ ប៊ុន្នី និងឈ្មោះ សៅ ស៊ីដាត ព្រមទាំងរថយន្តមួយគ្រឿង ម៉ាក Lexus RX 330 និងម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា ឱ្យទៅសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម រីឯម៉ូតូចំនួន០៨គ្រឿងទៀត យកមករក្សាទុកនៅការិយាល័យជំនាញខេត្ត ដើម្បីធ្វើការស្រាវជ្រាវបន្ត ។
ចំណែកឯជនសង្ស័យ ឈ្មោះ ឡឹក ហុងដោយ ពុំមានការពាក់ព័ន្ធសមត្ថកិច្ចបានធ្វើការអប់រំឱ្យត្រឡប់ទៅមូលដ្ឋានវិញហើយ ៕
មតិយោបល់