ព័ត៌មានជាតិ

ព្រានប្រមាញ់សត្វព្រៃម្នាក់ ទៅឆ្លុះសត្វបាត់មួយយប់ ប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែក្បែរដំបូក

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានចេញពីផ្ទះទៅឆ្លុះសត្វបាត់មួយយប់ ត្រូវប្រពន្ធដើររកប្រទះឃើញសពដេកស្លាប់នៅកណ្តាលវាលស្រែក្បែរដំបូក ចំណុចគ្រិះតាគ្រាំងខាងត្បូងចម្ងាយ០៦គ.ម ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២រសៀលថ្ងៃទី១៦ ខែមិថុន​នា ឆ្នាំ២០២០ សង្ស័យពស់ចឹក ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខ្វឿ ខ្វឿង ហៅ រ៉ស់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា តាមការឲ្យដឹងពីក្រុមគ្រួសារ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានចេញពីផ្ទះនៅវេលាម៉ោង៦យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ទៅឆ្លុះសត្វនៅចំណុចគ្រិះតាគ្រាំងខាងត្បូងចម្ងាយ០៦គ.ម ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក បាត់១យប់មិនឃើញមកផ្ទះវិញ លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ទើបក្រុមគ្រួសារតាមរកហើយប្រទះឃើញសពស្លាប់កណ្តាលវាលស្រែក្បែរដំបូក ។

លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានកម្លាំងបានសហការជាមួយគ្រូពេទ្យ ធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ ឃើញមានស្នាមចង្កូមសត្វពស់ចឹកនៅលើស្មាខាងឆ្វេងសព ក្រៅពីនោះពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណីមនុស្សឃាតនោះទេ ។ ដូច្នេះសមត្ថកិច្ច ក៏ដូចជាគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារសត្វពស់ចឹក ។ ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់