ព័ត៌មានជាតិ

បុរសម្នាក់ សុំអ្នកជិតខាង ច្រៀងចំរៀង៣បទ នឹកណាស់ៗ មួយសន្ទុះក្រោយមក ស្រាប់តែចងកសម្លាប់ខ្លួន

ភ្នំពញ:​​ កាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ សង្ស័យប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បានសុំអ្នកផឹកស៊ីជិតខាងច្រៀងចម្រៀង៣បទ នឹកណាស់ៗ មួយសន្ទុះក្រោយមកស្រាប់តែចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅចំណុចភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពញ ។

ជនរងគ្រោះឈ្មោះសាំង រ៉ូសា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅភូមិ-សង្កាត់កើតហេតុ មានប្រពន្ធនិងកូនស្រីម្នាក់មានអាយុ២ឆ្នាំ ។

ដំណើររឿង៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាមនុស្សប្រើប្រាស់នូវសារធាតុញៀន និងមានការឈ្លោះទាស់គ្នាជាមួយប្រពន្ធស្ទើរតែរាល់ថ្ងៃ ហើយទាំងពីរនាក់ប្រពន្ធនេះ បានជួលផ្ទះនៅផ្សេងពីគ្នា ។ ប្រពន្ធជនរងគ្រោះជាកម្មការិនី បម្រើការងារនៅរោងចក្រមួយកន្លែង ហើយប្តីក៏ជាកម្មករធ្វើការងារនៅរោងចក្រដែរ ប៉ុន្តែប្រជាពលរដ្ឋនៅក្បែរនោះ និយាយថា ជនរងគ្រោះដែលត្រូវជាប្តី មិនសូវទៅធ្វើការងារទៀងទាត់នោះទេ ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានឃើញគេរៀបចំផឹកស៊ីនិងច្រៀងខារ៉ាអូខេ នៅក្បែរផ្ទះរបស់ខ្លួន ក៏សុំគេច្រៀងចម្រៀង៣បទមុនគេ ច្រៀងបទថា នឹកណាស់ៗ ។ បន្ទាប់ពីច្រៀងចប់ទាំង៣បទរួច ជនរងគ្រោះបានលាគេឯងថា ខ្ញុំលាទៅផ្ទះហើយ ។ លុះអ្នកផឹកស៊ីនៅក្បែរនោះ ឈប់លែងផឹកស៊ីបែកគ្នាអស់ ស្ងាត់មួយសន្ទុះក្រោយមកក៏ឮសំឡេងស្រែកចេញពីផ្ទះជនរងគ្រោះថា ជួយផងៗ ក៏មានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នា រត់ទៅមើល ស្រាប់តែឃើញជនរងគ្រោះ បានចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ ក្រុមគ្រួសារ បានរាយណ៍ប្រាប់ទៅសមត្ថកិច្ច ដើម្បីចុះទៅពិនិត្យសាកសព ហើយសាច់ញាតិបានរៀបចំយកសពជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តសំបួរ ៕

មតិយោបល់