ព័ត៌មានជាតិ

ល្បែងស៊ីសងជាអំពើខុសច្បាប់! កម្លាំងនគរបាលឃាត់ខ្លួនស្រ្តី ៣នាក់ លេងបៀរនៅក្រោយផ្ទះ

កំពង់ធំៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក បង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (បៀរ) ស្ថិតក្នុងភូមិសាស្ត្រស្រុក តាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង ៣០ នាទី ឃាត់ខ្លួនអ្នកលេងបាន ៣ នាក់ ។

ប្រភពព័ត៌មានពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក តាំងគោក បានឲ្យដឹងថា ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកតាំងគោក បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (បៀរ) នៅចំណុចក្រោយផ្ទះ ក្នុងភូមិ ទួលទំពូង ឃុំ ជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

អ្នកលេងទាំងរួមមាន ៣ ៖
១. ឈ្មោះ ងួន គឹមសៀន ភេទ ស្រី អាយុ ៥៥ ឆ្នាំ ភូមិ ទួលទំពូង ឃុំ ជ្រលង ស្រុក តាំងគោក ខេត្តកំពង់ធំ ជាអ្នកលេង ។
២. ឈ្មោះ ហែម អិត ភេទ ស្រី អាយុ ៥៥ ឆ្នាំ នៅភូមិ ត្រពាំងកក់ ឃុំនសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកលេង ។
៣. ឈ្មោះ អួន ម៉ាប់ ភេទ ស្រី អាយុ ៥០ ឆ្នាំ នៅភូមិ ច្រនាង ឃុំ ជ្រលង ស្រុក តាំងគោក ខេត្តកំពង់ធំ ជាអ្នកលេង ។

សមត្ថកិច្ចដកហូតបានវត្ថុតាងមាន ៖ ម៉ូតូ ហុងដា ១២៥ ចំនួន ០២ គ្រឿង,ទូរស័ព្ទដៃចំនួន ០២ គ្រឿង, បៀរនីឡុងចំនួន ០២ ហ៊ូ ស្មើនឹង១០៤ សន្លឹក,ស្បែកជើងចំនួន ០៩ គូ, កម្រាលក្រណាត់ចំនួន ០១, លុយរៀលចំនួន ៧២២.០០០រៀល និងលុយដុល្លាចំនួន ០៤ ដុល្លា។

ប្រភពព័ត៌មានបន្តឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ច បាននាំមនុស្ស រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីបំពេញឯកសារតាមនីតិវិធី ។

ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ តែងតែស្នើដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីពលរដ្ឋ រស់នៅបានសុខសប្បាយ ជៀសផុតពីការគំរាមកំហែង បង្កឲ្យមានការភ័យខ្លាច ពីបទល្មើសផ្សេងៗ ។ ជាពិសេសការប្រព្រឹត្តអំពើ អបាយមុខ ឬការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ ពេលវេលា ថវិកា ទ្រព្យសម្បត្តិ កិត្តិយស បង្កអាចឲ្យមាន អំពើហិង្សាក្នុងគ្រួសារ ឈានទៅប្រព្រឹត្តអំពើ
ល្មើសផ្សេងៗ ជាអាទិ៍ ៕

មតិយោបល់