កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ២នាក់ទៀត ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេង រស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបន្ទាប់ពីទទួលបានចំលើយពីជនសង្ស័យ៤នាក់ ដែលឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា តាមចំលើយជនសង្ស័យទាំង៤នាក់ រហូតដល់ម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចបានបន្តឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ ភួង ចន្ថា ភេទស្រី អាយុ៣៨ឆ្នាំជាតិខ្មែរ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មកស្នាក់នៅផ្ទះជួល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានដកហូតវត្ថុតាង ទូរស័ព្ទចំនួន០១គ្រឿង សំណាកថងថ្មាំញៀន និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
លុះរហូតមកដល់ម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់បន្ថែមទៀត
១-ឈ្មោះ អ៊ុ សុគន្ធា ភេទស្រី សញ្ជាតិ ខ្មែរ អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបាន ដកហូតវត្ថុតាង ម្សៅក្រាមពណ៍ស សង្ស័យ ជា ថ្នាំញៀន ចំនួន ០២កញ្ចប់ ទូរសព្ទដៃ ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបាននាំមកការិយាល័យ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
មតិយោបល់