ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីវាយបុរសម្នាក់ បណ្តាលឲ្យស្លាប់

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២២និង១៥នាទី នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ម៉ិក រឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិធ្លូកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនសង្ស័យ០៣នាក់៖ -ឈ្មោះ ស៊ី ណាត ហៅម៉ាញ ភេទ ប្រុស អាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ឃាត់ខ្លួន) ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២០ ។ -ឈ្មោះ ហួរ ភេទ ប្រុស អាយុ៣៩ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ ។ -ឈ្មោះ ល័ក្ខ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ ។ ជនសង្ស័យទាំង០៣ខាងលើ មានទីលំនៅភូមិ ធ្លូកអណ្តូង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សភាពរឿងហេតុ នៅមុនពេលកើតហេតុ ជនរងគ្រោះ និង ជនសង្ស័យទាំង៣នាក់ខាងលើ និងឈ្មោះយឹម សុខឌឿន ភេទប្រុស អាយុ៤២ឆ្នាំ បានមកធ្វើការជាកម្មករសំណង់ធ្វើរបងព្រុំដីឲ្យគេ នៅចំណុចខាងលើ តាមរយ:មេការឈ្មោះវ៉ែង ភេទប្រុស អាយុប្រហែល៤៨ឆ្នាំ និងបានស្នាក់នៅកន្លែងកើត ហេតុខាងលើ ដោយជនរងគ្រោះបានសម្រាក នៅក្នុងរោងប្រក់តង់ ពណ៌ខៀវ ផ្ទាល់ដី ជាមួយឈ្មោះ យឹម សុខឌឿន ចំណែក ជនសង្ស័យខាងលើ ដេកនៅលើគ្រែខាងក្រៅរោង ។ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះ និងជនសង្ស័យទាំង៣នាក់ រួមនឹងឈ្មោះ យឹម សុខឌឿន ជាកម្មករសំណង់ ធ្វើការជាមួយគ្នា បាននាំគ្នាផឹកស៊ី នៅលើគ្រែ ជាមួយគ្នាក្បែរ កន្លែងកើតហេតុ ដោយជនរងគ្រោះ និងឈ្មោះ យឹម សុខឌឿន ផឹកស្រាថ្នាំ ចំណែក ជនសង្ស័យទាំង៣នាក់ ផឹកស្រាបៀរ ក្នុងពេលកំពុងផឹកនោះ ជនរងគ្រោះ ឈ្មោះ ម៉ិក រឿន បាននិយាយថា អាណាចូលដេកក្នុងមុងអញប្រយ័ត្នអញកាប់ ក្រោយមក ឈ្មោះ យឹម សុខឌឿន ស្រវឹងស្រាខ្លាំង ក៏បានចូលទៅដេកនៅលើគ្រែក្នុងមុងប្រក់តង់ ពណ៌ខៀវ មុនបាត់ទៅ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ យឹម សុខឌឿនដែលកំពុងដេកនោះបានឮសំឡេងជនរងគ្រោះ និងជនសង្ស័យមានទំនាស់ពាក្យសម្តីជាមួយគ្នា ក្នុងខណ:ពេលនោះដែរបានឮសំឡេង មានមនុស្សអូសចបជីកនៅក្រៅរោងដោយពុំបានចេញមកមើលទេ ស្រវឹងស្រាខ្លាំងពេក ក៏ដេកលក់បាត់ទៅ ។លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២០ ជនសង្ស័យទាំង៣នាក់ បានប្រមូលសម្ភារ:ផ្ទាល់ខ្លួន ហើយនាំគ្នាគេចខ្លួនបាត់ ចំណែក ឯជនរងគ្រោះ ត្រូវបានកម្មករសំណង់ជាមួយគ្នា ដែលមកធ្វើការនៅពេលព្រឹក ប្រទះឃើញជនរងគ្រោះស្លៀកខោខ្លី ពណ៌ខ្មៅកំពុងដេកដួលសន្លប់បាត់បង់ស្មារតីក្បាល នៅលើយ៉ាបតង់ដំបូលរោងខាងកើតមានស្នាមរបួសលើផ្ទៃមុខ និងក្បាលមានឈាម រហូតដល់វេលាម៉ោង០៩ព្រឹកនាថ្ងៃខែឆ្នាំ ដដែលម្ចាស់ដីឈ្មោះ ឆេ ផាង បានតេទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលវិហារលួង ប្រាប់ពីហេតុការណ៍ខាងលើនេះ ក្រោយមកទៀត កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ បានហៅរថយន្តពេទ្យរបស់មន្ទីរពេទ្យបង្អែកស្រុកពញាឮ ដឹកជនរងគ្រោះមក ព្យាបាលរបួសនៅ មន្ទីរពេទ្យ ។ ក្រោយមកដោយឃើញស្ថានភាពធ្ងន់ធ្ងរ សាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទៅព្យាបាលរបួស បន្តនៅមន្ទីរពេទ្យរាជធានី ភ្នំពេញ និងបានដឹកជនរងគ្រោះឈ្មោះ ម៉ិក រឿន ចេញពីមន្ទីរពេទ្យយកទៅផ្ទះ នៅភូមិធ្លូកអណ្ដូង ឃុំស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ។

លទ្ធផលស្រាជ្រាវ ស៊ើបអង្កេតនៅថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង៩និង៣០នាទី កម្លាំងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរ
បាលខេត្ដសៀមរាប បានឃាត់ខ្លួនឈ្មោះស៊ី ណាត ហៅម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចភូមិ ធ្លូកអណ្តូង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ករណីនេះ សមត្ថកិច្ច បានកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់