ព័ត៌មានជាតិ

ពលរដ្ឋឃើញភ្លាម ប្ដឹងសមត្ថកិច្ចភ្លែត ចុះដល់ទីតាំងឃាត់ខ្លួនកម្មករសំណង់ម្នាក់ ប៉ុនប៉ងឆ្កឹះសោបន្ទប់ជួលរបស់កម្មករ លួចទ្រព្យសម្បត្តិ

ភ្នំពេញ: ជនសង្ស័យម្នាក់សកម្មខាងដើរឆ្កឹះសោបន្ទប់លួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ខ្លួនបាន ខណ:ដែលទៅធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ ។

ជនសង្ស័យឈ្មោះ ពេជ្រ ចន្ទ្រា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិបល័ង្គ ឃុំវត្តពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចដកហូត៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FX-9174 ដែកសរសៃសម្រាប់ឆ្លឹះសោ កូនសោមួយចង្កោម ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា រូបគេធ្លាប់ធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលរបស់កម្មករ នៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ចំនួន២លើកមកហើយ លួចបានលុយ ទ្រព្យសម្បត្តិ លុះមកដល់រសៀលថ្ងៃទី២២នេះ ជិះម៉ូតូមកប៉ុនប៉ងធ្វើសកម្មភាពនៅក្នុងភូមិអូរដឹម ត្រូវបានប្រជាពលរដ្ឋស្គាល់មុខ រាយការណ៍សមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។

តាមនគរបាលបានឲ្យដឹងថា សមត្ថកិច្ចបានទទួលបណ្តឹងជនរងគ្រោះចំនួន២ដងមកហើយ ជុំវិញករណីចោរកម្ម ឆ្កឹះសោបន្ទប់ជួល លុះមកដល់រសៀលថ្ងៃនេះ ខណ:ដែលជនសង្ស័យជិះម៉ូតូចូលដល់ក្នុងភូមិ ស្គាល់មុខសញ្ញា ដោយផ្អែកតាមកាមេរ៉ាសុវត្តិភាព ពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ចុះទៅចាប់ឃាត់ខ្លួនបានជនសង្ស័យ រកឃើញឧបករណ៍ឆ្កឹះសោ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន សាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់