ព័ត៌មានជាតិ

យុវជនម្នាក់ ជាកម្មករ បានដេកស្លាប់ បង្កការភ្ញាក់ផ្អើល នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង០៦និង១៤នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ មានករណីយុវជនម្នាក់ ជាកម្មករ បានដេកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជនរងគ្រោះ ឈ្មោះ ឡុន សំ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកពីកម្មវិធីខួបកំណើតគេ ជាមួយម្ចាស់ផ្ទះ នៅភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានចូលដេក ដោយចុចទូរស័ព្ទលេងធម្មតា ។ លុះព្រឹកឡើងម្ចាស់ផ្ទះ បានទៅដាស់ជនរងគ្រោះឲ្យជួយធ្វើការងារ ទើបដឹងថាជនរងគ្រោះបានស្លាប់ ហើយម្ចាស់ផ្ទះបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ច ជំនាញចុះទៅពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះដេកស្លាប់ដោយជំងឺគាំងបេះដូង មិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះឡើយ ។

បន្ទាប់មកសមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់