កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាយប់មិនដឹងម៉ោង មានជនមិនស្គាល់អត្ដសញ្ញាណ ធ្វើសកម្មភាពវាយ គាស់ផ្ទះ របស់ឈ្មោះ ថន ស្រីនិច ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាបងស្រីជនរងគ្រោះ ចោរចូលលួចយកម៉ូតូ ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ជារបស់ឈ្មោះ ប៉ិល ស្រីអូន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលផ្ញើទុកនៅផ្ទះបង ព្រមទាំងលួចសម្ភារៈ ម៉ូទ័រស្វាន ១ ម៉ូទ័រកាត់ដែក ១ ប៉ុស្ដិផ្សារដែក ១ មួយចំនួនផងដែរ។
លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង ១៥នាទី ជំនាញព្រហ្មទណ្ឌស្រុកសហការជាមួយម្ចាស់ម៉ូតូបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ១-ឈ្មោះ សុង ចាន់សាន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ២-ឈ្មោះ សំ ប៊ុនធឿន ហៅឡុច ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយម៉ូតូម៉ាកស្មាស់មួយគ្រឿង ជារបស់ជនរងគ្រោះនៅចំណុចតាមផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ ៣៦ – ៣៧ ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីរលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ក្រោយប្រតិបត្ដិការ ជំនាញបានសាកសួរជនសង្ស័យបានឆ្លើយថា នៅមានបក្ខពួកខ្លួនមួយចំនួនទៀត លោកបានគោរពស្នើសុំគោលការណ៍លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ត និងកិច្ចសហការសម្របសម្រួលពីរ ព្រះរាជអាជ្ញា នគរបាលឈានទៅបន្តឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ១-ឈ្មោះ ឃិន ខ្លឹម ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង អ្នកប្រព្រឹត្ត ២-ឈ្មោះ ហ៊ុល ត្រុល ហៅ ហ៊ុប ភេទប្រុស អាយុ២៩ឆ្នាំ ភូមិត្រពាំងឫស្សី ឃុំ សំបូរ ស្រុកសំរោងទង អ្នកប្រព្រឹត្ត ៣-ឈ្មោះ វរ័ ភា ហៅ ផល ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង អ្នកយកម៉ូតូទៅបញ្ចាំឲ្យឈ្មោះ សំ ប៊ុនធឿន ហៅ ឡុច ។
ជាក់ស្តែងសមត្ថកិច្ចដកហូតម៉ូតូ ០១គ្រឿង ផ្លាកលេខ ០១សន្លឹក ដែករៀនម៉ូតូ ៣ ក្នុងចំណោមមុខសញា៥នាក់ មានមុខសញ្ញាពាក់ព័ន្ធដីកាចាប់ខ្លួន២នាក់ (ឈ្មោះ សំ ប៊ុនធឿន និងឈ្មោះ សុង ចាន់សាន )
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីបន្ដនីតិវិធី ចាត់ការតាមផ្លូវច្បាប់ ៕








មតិយោបល់