ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆេះទាំងស្រុង ។ ហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន។
ប្រភពពីនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ មិថុនានេះថា ផ្ទះដែលត្រូវឆេះនោះថ្មក្រោមឈើលើទំហំ៧គុណ៩ម៉ែត្រ ប្រក់ក្បឿងក្រាលក្តា ជញ្ជាំងក្តារនិង ផ្ទះបាយ១ខ្នង ចាក់សាបថ្មក្រោមជញ្ជាំងក្តារដំបូលប្រក់ស័ង្កសីទំហំ៤គុណ៥ ម៉ែត្រ។
ប្រភពដដែលបន្តថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញឹម សារូ ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នម្ចាស់ផ្ទះទៅរស់នៅជាមួយកូនឈ្មោះ សៀន កូឡាប ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្ថែមថា ករណីនេះភ្លើងឆេះចេញពីក្នុងផ្ទះជ្រុងខាងត្បូងផ្ទះកែងខាងកើតព្រោះផ្ទះនេះម្ចាស់គាត់ចាក់សោរចោលពុំមានអ្នកនៅទេគាត់រស់នៅជាមួយកូនអស់រយៈពេល៦ឆ្នាំហើយ គាត់មកម្តងម្កាលពេលមានរវល់ ។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តអគ្គិភ័យ២គ្រឿង ប្រើទឹកអស់៣ឡាន។
សម្ភារខូចខាតរួមមាន៖ ផ្ទះ១ខ្នង, ផ្ទះបាយ១ខ្នង, ថូរផ្កា១គូរ កំពស់១.៥០ម៉ែត្រ,តុតាឈើ៣គ្រាប់, គ្រែឈើ១គ្រឿង, ទូឈើដាក់ខោអាវ២,ទូដែកដាក់ចានឆ្នាំង១, តុឈើ១,ម៉ូតទ័រគ្រឿងឈើ១ឈុត, ហង្សទេឈើ១។ មូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕





មតិយោបល់