ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បង្រ្កាបមុខសញ្ញាចាស់ ឃាត់ខ្លួន៤នាក់ ករណីលេងល្បែងស៊ីសង

កំពង់ស្ពឺ: កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង ឆ្មក់ចូលបង្រ្កាបក្រុមអ្នកលេងល្បែងស៊ីសង (អាប៉ោង) បានចំនួន៤នាក់ កាលពីថៃ្ងទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទី នៅចំណុចព្រៃខាងកើតភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រតិបត្ដិការខាងលើនេះ សមត្ថកិច្ចឃាត់មនុស្សបាន៤នាក់៖ ១-ឈ្មោះ ខៀវ ខ្លី ហៅខ្លុយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ២-ឈ្មោះ យ៉ុង ឌឿន ភេ ទប្រុស អាយុ៥៦ឆ្នាំ ( អ្នកបាញ់) រស់នៅ ភូមិចម្ការបុស្ស ឃុំរលាំងគ្រើល ស្រុកសំរោងទង ៣-ឈ្មោះ សុន ធី ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ៤-ឈ្មោះ ស៊ឹម ណយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ។

ដកហូតវត្ថុតាង មេអាប៉ោងចំនួន១ ចាន១គម្រប១ កម្រាល១ និងប្រាក់រៀល ចំនួន ៧៩០,០០ ០៛ ( ចិតសិបប្រាំបួនម៉ឺនរៀល ) ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានឲ្យដឹងថា មុខសញ្ញាអ្នកលេងល្បែងស៊ីសង គឺមិនរាងចាលទេ ទោះបីសមត្ថកិច្ច បង្រ្កាបចាប់បញ្ជូនទៅ កាន់តុលាការផ្ដន្ទាទោស ក្រោយពីរចំណាត់ការច្បាប់រួច ពួកគេនៅតែបន្ដប្រកបមុខរបរនេះដដែល មិនផ្អាកឬបញ្ឈប់សកម្មភាពនោះទេ ក្នុងពេលសមត្ថកិច្ចបង្រ្កាបម្ដងៗ មានអ្នកខ្លះ រត់ធ្លាក់ទឹក រត់ចោលស្បែកជើង ។

បច្ចុប្បន្នមុខសញ្ញាល្បែងស៊ីសង ស្រុកបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ដ ដើម្បីចំណាត់ការ តាមផ្លូវច្បាប់បន្ដ ៕

មតិយោបល់