ព័ត៌មានជាតិ

បុរសកសិករម្នាក់ បានចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកើតឡើង នៅខេត្តកណ្តាល

កណ្តាល: នៅថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី មានករណីមនុស្សចងកធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ជី រូ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ មុងពណ៌ផ្កាឈូក ចំនួន០១ ។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ឡី សែន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី កូនប្រុសគាត់ ឈ្មោះ ជី រូ មានសភាពស្រវឹងស្រា បានមករកបាយហូប ប៉ុន្តែអត់មាន ហើយជនរងគ្រោះក៏ឡើងទៅដេកនៅលើផ្ទះទៅ លុះដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ម្ដាយបានឡើងទៅលើផ្ទះប្រទះឃើញឈ្មោះ ជី រូ បានចងកនឹងមុង ពណ៌ផ្កាឈូក ជាមួយផ្ទោងផ្ទះស្លាប់បាត់ទៅហើយ បន្ទាប់មកបានរាយការណ៍មកមេភូមិ សមត្ថកិច្ចប៉ុស្តិ៍ក្រាំងយ៉ូវ។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកសហការជាមួយ កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យមណ្ឌលសុខភាព នឹងគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសព ។

ការពិនិត្យ ជនរងគ្រោះ មានស្នាមជាំត្រង់កផ្នែកខាងមុខ ក្រោមចង្កា ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង អណ្ដាតលៀន ក្រៅពីស្លាកស្នាមខាងលើនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។

ការសន្និដ្ឋាន ជនរងគ្រោះ ស្លាប់ដោយសាធ្វើអត្តឃាតចងក ។ ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់