ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នេះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ បានបន្តចុះមកពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ នៅផ្សាររីករាយ និងផ្សារ One and One Mart ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពេលចុះពិនិត្យនោះ ទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃចំនួន ២៩គំរូ ត្រូវបានយកមកពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់។
ជាលទ្ធផលផលិតផលដែលពិនិត្យទាំង២៩គំរូនេះ គឺមានអនុលោមភាព សុវត្ថិភាពចំនួន២៣គំរូ ដែលរួមមាន៖ តៅហ៊ូដុំ សណ្តែកបណ្តុះ ប្រហិតសាច់គោ សរសៃគុយទាវ មី ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេ ជាដើម។ ដោយឡែកចំពោះបង្អែមលតខៀវ និងបង្អែមនំបាញ់ឌុក ពិនិត្យវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយត្រូវបានក្រុមការងារ បង្ហាញពីលទ្ធផលវិភាគជូនដល់អ្នកលក់ និងបានឯកភាពគ្នាធ្វើកិច្ចសន្យាបញ្ឈប់ការលក់លតខៀវ និងនំបាញ់ឌុក មានសារធាតុគីមីហាមឃាត់ ព្រមទាំងបានធ្វើកំណត់ហេតុដកហូតបាននូវចំណីអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់បាន ១៦.៤គីឡូក្រាមដើម្បីកំទេចចោល ។ ចំពោះទំនិញវេចខ្ចប់រួច សាខាពិនិត្យឃើញមានវត្ថុធាតុដើមផ្សំធ្វើទឹកជ្រលក់ ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ចំនួន ៥ដប ស្មើនឹង ៤.២៥០គីឡូក្រាម ត្រូវបានសាខាធ្វើកំណត់ហេតុដកហូតយកមករក្សាទុកដើម្បីរៀបចំនីតិវិធីកំទេចចោលនៅពេលក្រោយ ៕
មតិយោបល់