ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! បុរសម្នាក់ បើករថយន្ត បុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងស្រា
បើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកឡើងខឿន សួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលស្លាកប៉ាណូមួយដើម បាក់ទ្រេតដល់ដីខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ មានស្ថានភាពស្រវឹងស្រា បានបើករថយន្ត១គ្រឿង ម៉ាកហ្វត់រ៉េនជ័រ ពណ៌ស ពាក់ផ្លាកលេខ 2BJ-9196 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងស្រាប់តែរថយន្តបង្ក បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូង និងបង្គោលស្លាកប៉ាណូមួយដើមបាក់ដួលដល់ដី។

ចំណែករថយន្តបង្ក ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ទាក់ទងទៅជំនាញឲ្យចុះធ្វើការវាស់វែង និងស្ទូចរថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់