ព័ត៌មានជាតិ

កម្មការិនីរោងចក្រម្នាក់ ជំពាក់លុយអង្គការ និងមានជំងឺប្រចាំកាយ បានដេកស្លាប់នៅបន្ទប់ផ្ទះជួល ចោលប្តីនិងកូន

ភ្នំពេញ: កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីស្រ្តីកម្មការិនីរោងចក្រម្នាក់ ជំពាក់លុយអង្គការ និងមានជំងឺប្រចាំកាយ បានដួលដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ខយ លឿយ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ លីចុន ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ-សង្កាត់រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិលំទងថ្មី ឃុំលំទងថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

តាមប្រភពព័ត៌មានពីនារីម្នាក់ ដែលត្រូវជាមិត្តភ័ក្ដិរបស់សព បានឲ្យដឹងថា ស្រ្តីរងគ្រោះខាងលើ មានគ្រួសារនៅស្រុកកំណើតខេត្តឧត្តរមានជ័យ ហើយមានកូន៣នាក់ ដោយគាត់មានជំងឺប្រចាំកាយ ហើយមានជីវភាពខ្វះខាត ជំពាក់លុយអង្គការ បានចាកចេញពីក្រុមគ្រួសារមករកការងារធ្វើនៅឯភ្នំពេញ គ្រាន់បានប្រាក់ខែជួយផ្គត់ផ្គង់ក្រុមគ្រួសារ ដែលកំពុងជួបប្រទះភាពខ្វះខាត មកធ្វើការ មិនទាន់បានមួយខែស្រួលបួលផង បានស្លាប់ចោលប្តីនិងកូនយ៉ាងអាណោចអាធ័ម ។

ប្រភពព័ត៌មានខាងលើបានបន្តទៀតថា នៅមុនពេលកើតហេតុ វេលាម៉ោង០៦ព្រឹក មិត្តភ័ក្ដិបានរៀបចំទៅធ្វើការងារដូចរាល់ថ្ងៃ ចំណែកស្រ្តីជនរងគ្រោះមិនស្រួលខ្លួន បានសុំសម្រាកមួយព្រឹក ក្រែងបានធូរស្បើយ ហើយមិត្តភ័ក្ដិបានចេញទៅធ្វើការបាត់ លុះដល់ម៉ោងចប់ការងារ មិត្តភ័ក្ដិរស់នៅបន្ទប់ជួលជាមួយគ្នា បានត្រឡប់មកពីធ្វើការវិញ ឃើញបន្ទប់ចាក់សោនៅខាងក្នុង ហើយក៏បានគោះទ្វារជាញឹកញាប់មិនឃើញបើកសោះ អស់រយ:ពេលជិតមួយម៉ោង ក៏អើតមើលតាមចន្លោះបង្អួចបន្ទប់ ក៏ឃើញនារីរងគ្រោះដេកដួលនៅជិតមាត់ទ្វារ បានហៅម្ចាស់ផ្ទះមកគាស់បង្អួច ស្រាប់តែឃើញជនរគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ភ្លាមៗនោះដែរ ម្ចាស់ផ្ទះបានទាក់ទងទៅសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យផងដែរ ។

ក្រោយពេលកើតហេតុ សពស្រ្តីខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងផ្នែកជំនាញ បានធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ស្លាប់ដោយសារជំងឺប្រចាំកាយ ហើយបានប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់