ព័ត៌មានជាតិ

បុរសវ័យ៤៧ឆ្នាំម្នាក់ ក្រោកពីដំណេកទៅមើលមង បណ្តាលឲ្យលង់ទឹកស្ទឹងស្លាប់

ក្រចេះ:​ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី មានករណីបុរសម្នាក់បានភ្ញាក់ពីដំណេកក្រោកឡើងទៅមើលមងដែលដាក់ក្នុងទឹកស្ទឹងនៅខាងក្រោយភូមិ បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនៅនៅក្នុងភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។

សពជនរងគ្រោះឈ្មោះ វ៉ាត់ សាវី ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅក្នុងភូមិ-ឃុំកើតហតុ​ ។

អំពីរឿងហេតុ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៣ទៀបភ្លឺ ជនរងគ្រោះ( វ៉ាត់ សាវី )បានក្រោកពីដំណេកទៅមើលមង នៅឯបឹងកោះសុក្រំ ក្រោយភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ហើយប្រពន្ធជនរងគ្រោះក៏ក្រោកទៅទិញបន្លែនៅឯខេត្តក្រចេះ ដើម្បីយកទៅលក់បន្ត ។ លុះវេលាម៉ោង០៦ព្រឹកថ្ងៃដដែល ប្រពន្ធជនរងគ្រោះ បានត្រឡប់ពីផ្សារ មកដល់ផ្ទះពុំទាន់ឃើញប្តី ( ជនរងគ្រោះ ) មកដល់ផ្ទះដូចសព្វដង ក៏បានតេទូរសព្ទ័ ទៅប្រាប់ប្អូនឲ្យជួយទៅតាមរក ហើយខ្លួន ( ប្រពន្ធជនរងគ្រោះ ) ក៏ចេញទៅលក់បន្លែបន្តទៀត ។ លុះវេលាម៉ោង០៩និង៣០នាទី ប្រពន្ធជនរងគ្រោះបានទទួលដំណឹងពីប្អូនដែលទៅតាមរកថា ជនរងគ្រោះបានស្លាប់ក្នុងទឹកបឹងបាត់ទៅហើយ ហើយក៏នាំគ្នាស្រង់សាកសពជនរងគ្រោះដាក់ថាឡេថង (គោយន្តកន្ត្រៃ) ដឹកមកផ្ទះ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ និងកម្លាំងជំនាញ បច្ចេកទេស បានចុះទៅត្រួតពិនិត្យសាកសពជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន មិនមានពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌឡើយ ហើយក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះឧស្សាមានជំងឺលើសឈាម៕

មតិយោបល់