ព័ត៌មានជាតិ

Update៖ គួរឲ្យសង្វេគ ឃើញហើយតក់ស្លុត! ម្ដាយយំឱបសពកូនទាំងព្រឹក

ភ្នំពេញ: យុវជនម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បន្ទាប់ពីជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ជ្រុលបុកឡើងខឿនច្បារពុះចែកទ្រូងផ្លូវ រួចផ្លោងទៅបុកបង្គោលភ្លើង នៅកណ្តាលទ្រូងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរភូមិបឹងរាំង សង្កាត់ទួលសង្កែទី ២ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គង់ ពង់ សុវណ្ណរាជ អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្តុំបុរីប៉េងហួត ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ (ស្លាប់)។ ម្នាក់ទៀត មិនទាន់ស្គាល់អ្តសញ្ញាណនោះទេ ជាអ្នកឌុប បានរងរបួសធ្ងន់។

តាមប្រភពព័ត៌មានឱ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់ បានជិះម៉ូតូឌុបគ្នា ដោយយុវជនរបួសធ្ងន់ជាអ្នកឌុប ធ្វើដំណើរពីកើតទៅលិចលើបណ្ដោយផ្លូវបុរីអង្គរ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឡើងលើសួន រួចផ្លោងទៅបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ និងអ្នកបើករងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់