ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តសៀមរាប សហការស្រាវជ្រាវ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីលួច

សៀមរាបៈ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្ដែក កាលពីថ្ងៃទី០១​​​ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់( អនីតិជន០២នាក់) ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (សហចារី) កើតឡើងកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១និង០០នាទី ចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៤នាក់ខាងលើ បានសារភាពថា ពួកគេពិតជាបាននាំគ្នាទៅធ្វើសកម្មភាពលួច ពិតប្រាកដមែន ក្នុងនោះកម្លាំងជំនាញស្រុក ក៏បានធ្វើការដកហូតបានវត្ថុតាងពីជនសង្ស័យ បានដូចជា លោហៈធាតុ ពណ៌លឿងចំនួន២ខ្សែ (ខ្សែកមាស ១ខ្សែប្រវែង ២០ សង់ទីម៉ែត្រ ) ទម្ងន់ ៥ជី(ខ្សែដៃមាស១ខ្សែ ប្រវែង១,៥០សង់ទីម៉ែត្រ) ទម្ងន់៥ជី និងលោហៈធាតុពណ៌លឿង១គូ (ក្រវិលមាសទម្ងន់១ជី) លុយខ្មែរ សរុប ២,៩៩០,០០០៛ (ពីរលានកៅសិបប្រាំបួនម៉ឺនរៀល) លុយដុល្លារ១៥$(ដប់ប្រាំដុល្លារ)ទូរស័ព្ទចំនួន៣គ្រឿង ជារបស់ជនរងគ្រោះដែលជនសង្ស័យបានលួចហើយ លាក់ទុក ។

វត្ថុតាងខាងលើនេះ ដោយមានការ ឯកភាពពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការប្រគល់ជូនជនរងគ្រោះវិញហើយ។

ចំណែកជនសង្ស័យ០២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយឡែកជនសង្ស័យចំនួន០២នាក់ផ្សេងទៀត ជាអនីតិជន បានតម្រូវឲ្យអាណាព្យាបាលមកធានាយកទៅធ្វើការអប់រំណែនាំ ៕

មតិយោបល់