ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តហាយឡែនឌ័រ បុកម៉ូតូសង់០១៣ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានបុរសជនជាតិចិនម្នាក់ បើករថយន្តខ្វះការប្រុងប្រយត្ន័ ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់រងរបួសបាក់ជើងឆ្វេងម្ខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៦១ កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-3882 បើកបរតាមផ្លូវលេខ២៦១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវ១៥៦ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-0373 ជិះដោយយុវជនម្នាក់ពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសបាក់ជើងឆ្វេងម្ខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កនិងម្ចាស់ត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់