ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់ នៅក្រុងតាខ្មៅ

កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់
និង០២នាក់របួសធ្ងន់ កាលពីវេលាម៉ោង១៣ និង ០០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខផ្ទះលក់ដើមឈើ ហេង សុភ័ណ្ឌ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

ម៉ូតូបង្កម៉ាក HONDA BEAT ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្ដាល1AE-6457 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ វាសនា ប្រុសតូច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ (ស្លាប់នៅកន្លែងកើតហេតុ ត្រូវបានជូនបងប្អូនយកទៅធ្វើបុណ្យ តាមប្រពៃណី)។ ចំណែកអ្នករួមដំណើរពីក្រោយម្នាក់ទៀត
ឈ្មោះ ណាក់ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅសង្កាត់ខាងលើ (រងរបួសធ្ងន់ ត្រូវបានរថយន្ត
ស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យជ័យជំនះ)។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញម៉ូតូ ធ្វើដំណើរពីជើងទៅត្បូង (ទិសដៅតាខ្មៅទៅព្រែកហូរ) បានបើកជែងរថយន្តមិនស្គាល់ម៉ាក ខាងឆ្វេងដៃ មានទិសដៅស្របគ្នា មិនប្រយ័ត្ន
បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក HONDA PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GM-4054 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ភឹម ដាវីត
ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ (រងរបួសធ្ងន់ ត្រូវបានរថយន្ត ស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុង តាខ្មៅដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យជ័យជំនះ)។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាង និងរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី។

មូលហេតុ៖ បើកបរជែង ខ្វះកាប្រុងប្រយ័ត្ន៕

មតិយោបល់