ព័ត៌មានជាតិ

បុរសវ័យអាយុ ៦០ឆ្នាំ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅនឹងដើមស្វាយក្បែរផ្ទះ

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសវ័យចំណាស់អាយុ ៦០ឆ្នាំម្នាក់ ត្រូវបានសាច់ញាតិប្រទះឃើញស្លាប់ ដោយធ្វើអត្តឃាតខ្លួនឯង ចង.កនៅនឹងដើមស្វាយជិតផ្ទះ ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទី យប់ ថ្ងៃព្រហស្បតិ៍ ១២ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅភូមិប្រាសាទ ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ យូរ ប៊ុនលេង ភេទប្រុសអាយុ៦០ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយ មានជ័យ ។ ជនរងគ្រោះ បានធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែកាវពណ៌ខៀវ ចង.ក នៅនឹងដើមស្វាយ នៅចំណុខខាងកើតផ្ទះចម្ងាយប្រមាណជា២០ម៉ែត្រ ។

លោកអធិការវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា៖ តាមការបំភ្លឺពីក្រុមគ្រួសារ ជនរងគ្រោះឈ្មោះ យូរ ប៊ុនលេង កាលពីអំឡុង០៣ខែកន្លងមក គាត់តែងតែរត់ចេញពីផ្ទះ ហើយនិងធ្លាប់ខាំអណ្តាតខ្លួនឯង ដោយសារគាត់កើតជំងឺសរសៃប្រសាទ ។

លោកអធិការ ក៏បានបញ្ជាក់ទៀតថា៖ ឆ្លងតាមការត្រួតពិនិត្យលើសព គឺជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានស្លាកស្នាមអ្វីដែលទាក់ទិន នឹងករណីមនុស្សឃាតនោះទេ ។

ក្រោយពីសមត្ថកិច្ច បានធ្វើការពិនិត្យរួច សព បានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់