ព័ត៌មានជាតិ

នគរបាលខេត្តបាត់ដំបង បានហៅមន្ត្រីប៉ូលិសម្នាក់មកសាកសួរ ករណីបើកបរមិនពាក់មួកសុវត្ថិភាព ​

បាត់ដំបងៈ​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសបងប្អូនដែលនិយមប្រើប្រាស់ បណ្តាញសង្គមបានជ្រាបថា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ រូបភាពរបស់មន្រ្តីនគរបាលមួយរូប ដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ជិះម៉ូតូពាក់ផ្លាកលេខនគរ បាលតែ​ (មិនបានពាក់មួកសុវត្ថិភាព) នោះត្រូវបាន ស្រាវជ្រាវរកឃើញហើយនោះ គឺជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមួយរូបដែលបានជិះម៉ូតូក្រោយពេលត្រឡប់ពីទទួលប័ណ្ណសរសើរ លិ ខិតសរសើរក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅរដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ។

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមស្នងការ មន្រ្តីនគរបាលរូបនេះ ការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងធ្វើការសាកសួរអំពីករណីល្មើសច្បាប់របស់ខ្លួនដូចរូប ភាពដែលបានផ្សព្វផ្សាយ ។ ក្នុងពេលសាកសួរមន្រ្តីនគរបាលរូបនេះ លោកបានឆ្លើយទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន ក្នុងករណីបើកបរមិនពាក់មួកសុវត្ថិភាព ដែលសកម្មភាពនេះគឺជាអំពើ ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពូជា ។

ឯឧត្តមស្នងការនឹងចាត់វិធានការចំពោះមន្រ្តីនគរបាលរូបនេះស្របទៅតាមវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ជាមួយនេះឯកឧត្តម សូមរំលឹកដាស់តឿនដល់មន្រ្តីនគរបាលទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំហើយត្រូវធ្វើជាគំរូល្អដល់មហាជនគ្រប់មជ្ឈដ្ឋាន ចំពោះមន្រ្តីនគរបាលរូបណា មិនបានគោរពហើយមានសកម្មភាពល្មើសស្នង ការដ្ឋាននឹងចាត់វិធានការតាមវិន័យកងកម្លាំងនគរបាលជាតិ ឬតាមច្បាប់ស្របតាមទំហំនៃកំហុសឆ្គងរបស់មន្រ្តីនគរបាលរូបនោះ៕

មតិយោបល់