ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កនិងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ស្លាប់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុនៅថ្ងៃសៅរ៍១៤កើត ខែអាសាឍឆ្នាំជូតព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង២០នាទីលើផ្លូវជាតិលេខ៦ចន្លោះគីឡូមែត្រលេខ១៩-២០ ត្រង់ចំណុចភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ នៅថ្ងៃកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1FM1491បើកបរដោយឈ្មោះម៉េត សាមុតភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិសន្លុងឃុំសន្លុងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ដោយមានរួមដំណើរម្នាក់ឈ្មោះម៉េត សាម៉ៃ ភេទប្រុសអាយុ១៦ឆ្នាំមានទីលំនៅជាមួយគ្នា។
ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានទៅពៀរម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1AY 1645 បើកបរដោយឈ្មោះហេង សំអុល ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកតាបែនឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល
ធ្វើដំណើរពីត្បូងទៅជើង(ស្របទិសគ្នា)បណ្ដាលឲ្យម៉ូតូដួល ហើយរង របួសស្រាលដល់អ្នកបើកបរម៉ូតូឈ្មោះម៉េត សាមុតនិងអ្នករួមដំណើរឈ្មោះម៉េត សាម៉ៃ ចំណែកអ្នកបើករឺម៉កឈ្មោះហេង សំអុល ក៏របួសស្រាលដូចគ្នា ក្រោយមកឈ្មោះម៉េត សាមុតបានដើរទៅមើលប្អូនឈ្មោះម៉េត សាម៉ៃ រួចហើយក៏ដើរឆ្លងផ្លូវទៅលើកម៉ូតូដែលដួលនៅជាប់សួនច្បារ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរមកពីទិសខាងត្បូង បានមកបុកឈ្មោះម៉េត សាមុត បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ ក្រោយពេលបុកហើយរថយន្តបានបើករត់ទៅទិសខាងជើងបាត់។ ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ បានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យ កន្លែងកើតហេតុ និង វាស់វែង រួចយកម៉ូតូនិងម៉ូតូសណ្ដោងរឺម៉កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ចំពោះសពឈ្មោះម៉េត សាមុត ជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ សេចក្ដីសន្និដ្ឋាន ដោយអ្នកបើកបរម៉ូតូC125ពាក់ផ្លាកលេខភ្នំពេញ1FM1491បើកខ្វះការប្រុងប្រយ័ត្ថ ក៏បានមកពៀរម៉ូតូសណ្ដោងរឺម៉ក។ រីឯម៉ូតូសណ្ដោងរឺម៉កគ្មានភ្លើងពីខាងក្រោយ។ ចំណែករថយន្តបើកបរលឿន ពេលបុកហើយក៏បើករត់គេចបាត់។ ករណីនេះជំនាញកំពុងតែបន្តរស្រាវជ្រាវរករថយន្ត ដើម្បីយកមកអនុវត្តន៍តាមច្បាប់៕

មតិយោបល់