ភ្នំពេញៈ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈដែលជិះម៉ូតូហើយត្រូវបានរថយន្តម៉ាកហុីយាន់ដាយស៊េរីទំនើប បើកបុកពេទញទំហឹង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៦៧ កែងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ហើយរថយន្តបានព្យាយាមបើករត់រហូតដក់ជិតផ្ទះសំណាក់ វល្លិ៍មាស តាមបណ្តោយផ្លូវ១៣៥ ត្រូវបានប្រជាពលរដ្ឋចាប់បានតែម្តង។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-2456 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកហុីយាន់ដាយ ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AO-2713 បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានប្រុសស្រីចំនួន៦នាក់ទៀតជាជនជាតិចិនដូចគ្នា ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនក៏ជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់មុខនិងផ្ទះសំណាក់វល្លិ៍មាស ទើបត្រូវបានប្រជាពលរដ្ឋដេញចាប់បានតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យតែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនទៅដល់។ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕
មតិយោបល់