ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក PRADO បើកបរដោយជនបរទេសម្នាក់ បើកកៀរ រថយន្តស្ព័រតម្លៃប្រមាណ ២០ម៉ឺន ដុល្លារ រួចព្យាយាមបើកគេច មិនប្រយ័ត្នក៏ប៉ះ និងកិនម៉ូតូ១គ្រឿងជាប់ក្រោមរថយន្ត។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ ដំបូងទ្បើយ គេឃើញរថយន្តបង្កម៉ាកPRADO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ONG ២០០ .២.២២៨ បើកបរ ដោយជនបរទេសម្នាក់ មកដល់ចំណុចកើតហេតុ បានកៀររថយន្តស្ព័រ មួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ២BD-០០០៧ ដែលមានតម្លៃប្រមាណ២០ម៉ឺន ដុល្លារ។
បន្ទាប់ពីបង្កហេតុរួច ម្ចាស់រថយន្តបង្ក បានព្យាយាមបើកគេច តែត្រូវម្ចាស់រថយន្តរងគ្រោះ ដេញតាមនិងបានហៅអ្នកស្គាល់គ្នា ព្រមទាំងសមត្ថកិច្ចដេញតាមឃាត់ឲ្យឈប់ តែរថយន្តនោះ មិនព្រមឈប់ នៅតែគឃ្លើនបើកបន្ត។ លុះមកដល់ចំណុច កើតហេតុ ភាគីខាងរថយន្តស្ព័រ ក៏បានយកម៉ូតូស្ទាក់ រួមជាមួយរថយន្ត១គ្រឿងទៀត ក៏ត្រូវរថយន្តជនបរទេស បើកកិនម៉ូតូជាប់ក្រោមរថយយន្ត រហូតទៅមុខលែងរួច។
ភ្លាមៗជនបរទេសនោះ មិនព្រមចុះពីលើរថយន្តឡើយ ទោះបីសមត្ថកិច្ចមកដល់ នៅមានបំណងព្យាយាម ចង់បើករថយន្តថយក្រោយរត់ទៀត ទើបត្រូវសមត្ថកិច្ច យក ថ្មជើង ឆ័ត្រអ្នកក្បែរនោះ កល់ទាំងមុខក្រោយ និងបានយករថយន្តប៉ូលិស រាំងផ្លូវ បណ្ដាលឲ្យស្ទះចរាចរណ៍ជិតមួយម៉ោង។
ក្រោយកើតហេតុជនបរទេស បានទាក់ទងទៅអ្នកបកប្រែ ឲ្យមកសម្របសម្រួសត្រូវរ៉ូវគ្នា ដោយចេញថ្លៃជួសជុលរថយន្ត ២០០ដុល្លារ និងម៉ូតូ១០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
មតិយោបល់