ព័ត៌មានជាតិ

បុរសវ័យជាង ៦០ឆ្នាំម្នាក់ បើករថយន្តរ៉េនរ៉ូវើល បុកគូទរថយន្តកុងតឺន័រដឹកអីវ៉ាន រងការខូចខាតខ្ទេចមួយកំណាត់មុខ

ភ្នំពេញៈ រថយន្តសេរីទំនើបមួយគ្រឿង ម៉ាករ៉េនរ៉ូវើល ពណ៌ស្លែ បើកលឿនហើយអកហ្សើ ចាប់ហ្វ្រាំងមិន ក៏ជ្រុលទៅបុកគូទរថយន្តកុងតឺន័រដឹកអីវ៉ាន់ បណ្តាលឲ្យរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តយផ្លូវមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចកន្លែងថ្លឹងជញ្ជីងចាស់ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញរថយន្តកុងតឺន័រមួយគ្រឿង ជាប្រភេទរថយន្តដឹកអីវ៉ាន់ ពាក់ផ្លាកលេខ រតនគីរី 3A-1151 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពី
កើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបើកបត់ឆ្វេងត្រឡប់ក្រោយ
ស្រាប់តែមានរថយន្តសេរីទំនើបមួយគ្រឿង ម៉ាករ៉េនរ៉ូវើល ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-6292
ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ បើកបរដោយបុរសវ័យប្រហែលជា ៦០ឆ្នាំជាង
ទើបតែចេញមកពីផ្ទះមិត្តភិក្ដ បំណងជិះទៅផ្ទះនៅឯម្តុំទឹកថ្លា ដោយសារតែល្បឿនគាត់លឿនពេក ទើបជ្រុលចង្កូតទៅបុកគូទក្រោយរថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យខ្ទេចរថយន្តរ៉េនរ៉ូវើល អស់មួយកំណាត់ខាងមុខទាំងស្រុង ហើយថែមទាំងផ្ទុះព្រូងទាំងសងខាង និង
អ្នកបើកបររងរបួសធ្ងន់។

ចំណែកឯគូទរថយន្តកុងតឺន័រវិញ ក្រពឹតតិចតួច។ ភ្លាមៗនោះ ក៏មានវត្តមានបងប្អូនខាងម្ចាស់
រថយន្តរ៉េនរ៉ូវើល មកដល់កន្លែងកើតហេតុ រួចដឹកយកជនរងគ្រោះ​យកទៅព្យាបាលបាត់ រីឯតៃកុងរថយន្តកុងតឺន័រវិញ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ។

ក្រោយកើតហេតុ រថយន្តទាំងសងខាង ត្រូវបានសមត្ថកិច្ច ធ្វើការវាសវែង រួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

មតិយោបល់