ព័ត៌មានជាតិ

រថយន្ត ២គ្រឿង បើកលឿនជ្រុលបុកគ្នាពេញទំហឹង រួចខ្ទាតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿននៅផ្លូវបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យខ្ទាតឡើងលើខឿន ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម រងការខូចខាត។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចស្ពាននាគវត្តភ្នំ តាមបណ្តោយមហាវិថីព្រះនរោត្តម កែងនិងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ដំណើររឿង៖ ពីដំបូងគេឃើញប្តីប្រពន្ធមួយគូ បើករថយន្តមួយគ្រឿង ម៉ាក SUZUKISIDEKICK ពណ៌ស ពាក់ផ្លាកលេខ ឃ៨១៩១ភព២ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ បានបើកឆ្លងផ្លូវ១០៦ ខណៈឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក SUZUKIVITARA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2U-8494 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ១០៦ ក្នុងល្បឿនយ៉ាងលឿនដូចគ្នា។

ដោយសារខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្ត SUZUKISIDEKICKខាងលើពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទាតឆ្លងទៅផ្លូវម្ខាងទៀត ឡើងលើខឿនទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ មួយដើមវៀចទ្រេត និងរថយន្តក្រពឹតមួយចំហៀងផ្នែកខាងស្ដាំ រីឯរថយន្តSUZUKIVITARA ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អ ពុំបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទាក់ទងជំនាញ ឲ្យចុះមកវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់