ព័ត៌មានជាតិ

ក្រុមតាលីបង់ ចាប់ផ្តើម​ឡោមព័ទ្ធ​ទីក្រុង​សំខាន់​ធំៗ ​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន

អ្នកនាំពាក្យ​របស់​ពួកតាលីបង់ Zabiullah Mujahid បាន​និយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​Reutersថា ក្រុមខ្លួន​សំដៅ​វាយប្រហារ​លើ​ព្រលាន​យន្តហោះ Kandahar ព្រោះ​សត្រូវ (កងទ័ពរដ្ឋាភិបាល) បាន​ប្រើ​ជា​ទីតាំង​សម្រាប់​បើកការវាយប្រហារ​តាមផ្លូវអាកាស​លើ​ក្រុមខ្លួន។ព្រលាន​យន្តហោះ នៅ​Kandahar មាន​ផងដែរ មូលដ្ឋានទ័ពអាកាស​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​ជាប្រភព​ផ្គត់ផ្គង់ សព្វាវុធ និង​កម្លាំងទ័ព​វាយប្រហារ​ទៅលើ​ពួកតាលីបង់។

ចាប់ផ្តើម​វាយប្រហារ ដោយ​មិន​បង្អង់ដៃ ទៅលើ​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន នៅ​៣ខែ​មកនេះ ក្រុមតាលីបង់ ដែល​ដណ្តើមគ្រប់គ្រង ទឹកដី ដាច់ស្រយាល​មួយភាគធំ​របស់​ប្រទេស ចាប់ផ្តើម វាយឡោមព័ទ្ធ​ទីក្រុងធំៗ សំខាន់ៗ​របស់អាហ្វហ្កានីស្ថាន។

ក្រៅពី​Kandahar ទីក្រុង​ធំទី​២​របស់​អាហ្វហ្កានីស្ថាន ក្រុមតាលីបង់​កំពុង​វាយចូលកៀក​ទីក្រុងHérat ទីក្រុង​ធំទី៣ (មានប្រជាជន ៦សែននាក់) និង​ទីក្រុងសំខាន់​របស់​ខេត្ត​Helmand ដែលជាប់​ទីក្រុងKandahar។

ក្រុមតាលីបង់​សំដៅវាយប្រហារ​ចង់បាន​ទីក្រុង​Kandahar ដែលក្រុមនេះធ្លាប់​យកជា​ទីតាំរដ្ឋាភិបាល ក្នុងអំឡុង​អំណាច​គ្រប់គ្រង​អាហ្វហ្កានីស្ថាន​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ ២០០១។

ប្រសិន​បើ​Kandahar ទីក្រុង​ធំទី​២​របស់​អាហ្វហ្កានីស្ថាន​ធ្លាក់​ក្នុង​ដៃ​របស់ក្រុមឧទ្ទាម​តាលីបង់ នោះ គឺ​ជា​គ្រោះមហន្តរាយ​ដ៏ធំ សម្រាប់ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ វា​នឹង​ប៉ះពាល់ ជាពិសេស ដល់​ទឹកចិត្ត​ប្រយុទ្ធ​របស់​កងទ័ព​អាហ្វហា្កនីស្ថាន ដែលចាប់ផ្តើម​ធ្លាក់ចុះ​រួចហើយ នៅក្រោយ​កងទ័ព​បរទេស កងទ័ព​អាមេរិក ដកខ្លួន​ចេញ​ពី​អាហ្វហ្កានីស្ថាន។

បើក្រុមតាលីបង់​អាច​វាយដណ្តើម​យកបាន​ទីក្រុង​ធំៗ​របស់​អាហ្វហ្កានីស្ថាន នោះនឹង​មាន​ចំណោទសួរ ចំបង ពី​សមត្ថភាព​ការពារ​ប្រទេស​របស់​កងទ័ព​រដ្ឋាភិបាល នៅ​ចំពោះមុខ​ក្រុមតាលីបង់ ដែលបង្ហាញ​កាន់តែច្បាស់​ពី​មហិច្ឆតាចង់​ដណ្តើមគ្រប់គ្រង​អំណាច នៅអាហ្វហ្កានីស្ថាន តាមរយៈ​ការប្រយុទ្ធ ជាជាង ការចរចា​តាមផ្លូវ​នយោបាយ ដែល​សហគមន៍​អន្តរជាតិ ធ្លាប់សង្ឃឹម និង​ត្រួសត្រាយឲ្យ​រហូតមក។

សម្រាប់​អ្នកជំនាញ សង្រ្គាម​២០ឆ្នាំ​របស់​អាមេរិក នៅអាហ្វហ្កានីស្ថាន នៅ​បំផុត បានបិទបញ្ចប់ ទៅ​ដោយ​ការវិលត្រលប់​របស់​ពួកតាលីបង់ ដែល​បាន​ប្រកាស​រួចហើយថា នឹង​អនុវត្ត​ច្បាប់អ៊ីស្លាម​តឹងរ៉ឹងឡើងវិញ នៅអាហ្វហ្កានីស្ថាន៕

មតិយោបល់