ព័ត៌មានជាតិ

រថយន្តតូយ៉ូតាព្រូស បើកលឿនបុកម៉ូតូជិះដោយប្ដីប្រពន្ធ ២នាក់ បណ្តាលឲ្យរងរបួស

ភ្នំពេញ: បុរសម្នាក់ បើករថយន្ត១មួយគ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូ ស៊ុយស័រគីនិច ដែលកំពុងបើកបត់ឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសបែកក្បាលស្ត្រីម្នាក់។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរផ្សារទំនើបស៊ុបភើស្ទ័រ តាមបណ្ដោយផ្លូវណត់ប្រ៊ីត កែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស័រគីនិច ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GR-8394 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវណត់ប្រ៊ីត។ លុះមកដល់ចំណុចកើតហេតុម៉ូតូខាងលើ ក៏បានបើកបត់ឆ្វេងបំណងឆ្លងទៅផ្លូវបេតុង មិនប្រយ័ត្នក៏ត្រូវរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-1290 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា មកពីក្រោយជាមួយល្បឿនយ៉ាងលឿន មកបុកម៉ូតូខាងលើចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យស្ត្រីជាប្រពន្ធ រងរបួសបែកក្បាល និងបុរសជាប្តីរបួសស្រាល ចំណែកម៉ូតូខូចខាតបន្តិចបន្តួច រីឯរថយន្តខូចខាតក្រពឹតកាងផ្នែកខាងមុខចំហៀងស្តាំ។

ភ្លាមៗនោះ ក៏មានរថយន្តរបស់គ្លីនិកឯកជនសម្ភពសែនជ័យ បានមកដឹកជនរងគ្រោះយក ទៅមន្ទីរពេទ្យផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ និងឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត ព្រមចេញថ្លៃព្យាបាល និងជួសជុលម៉ូតូឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿង៕

មតិយោបល់