កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនជនសង្ស័យមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា និងហិង្សាដោយចេតនា យកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២០ ម៉ោង០០និង៣០នាទី ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ២នាក់ទី១-ឈ្មោះ ព្រំ សុធី ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់កូនឈើ (ត្រូវជាម្តាយជនសង្ស័យ) ទី២-ឈ្មោះ ផនលីកូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនាយប៉ុស្តិ៍ស្តីទី (រងរបួសក្បាលដេ៣ថ្នេរ) ។ ចំណែកជនសង្ស័យឈ្មោះ ថន សម្បតិ្ត ភេទប្រុស អាយុជាង២៧ឆ្នាំ នៅភូមិសង្កាត់កើតហេតុ ត្រូវជាកូនស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ។
ដោយឡែកសម្ភារៈខូចខាត៖ ផ្ទះ១ខ្នងធ្វើពីឈើលើថ្មក្រោមទំហំ៥គុណនិង៩ម៉ែត្រ, ឆេះម៉ូតូ២គ្រឿង, មាន៥ជី, លុយដុល្លារ២០០០ដុល្លារ, លុយខ្មែរ២លានរៀល, និងសម្ភារៈមួយចំនួនផងដែរ។
ប្រភពដដែលបន្តថា ជនសង្ស័យគឺជាមនុស្សប្រើប្រាស់គ្រឿងញៀន ដោយមើលទៅមានសភាពមិនស្រួល ស្ត្រីជាម្ដាយបានចាក់សោជនសង្ស័យជាកូននៅក្នុងបន្ទប់ ជាហេតុធ្វើឲ្យជនសង្ស័យខឹង ក៏បានវាយបំផ្លិចបំផ្លាញម៉ូតូខូចខាតអស់២គ្រឿង និងដុតផ្ទះបណ្តាលឲ្យឆេះខ្ទេចអស់សម្ភារៈមានក្នុងផ្ទះតែម្តង ។ បន្ទាប់ពីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់តាក្តុលទទួលបានព័ត៌មានខាងលើ ភ្លាមៗនោះ ក៏រាយការបន្តទៅនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះអន្តរាគមន៍ពន្លត់ ខណៈដែលកំពុងអន្តរាគមន៍ពន្លត់ ស្រាប់តែជនសង្ស័យ បានយកខ្សែក្រវ៉ាត់វាយទៅលើសមត្ថកិច្ចឈ្មោះ ផន លីកូ បណ្តាលឲ្យរយះបែកឈាមតែម្តង ។
ក្រោយកើតហេតុជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះជាសមត្ថកិច្ចនោះ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕
មតិយោបល់