ព័ត៌មានជាតិ

Updated៖ ចាប់បានឃាតកហើយ! ករណីឃាតកម្មសង្ស័យប្ដីសម្លាប់ប្រពន្ធ​ រួចយកដងពូថៅញ៉ុកមាត់ ស្លាប់ក្នុងខ្ទមកម្សត់

ភ្នំពេញ: នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ វណ្ណះ ហៅណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងរោងដីឡូត៍គ្មានលេខ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ ការឃាត់ខ្លួនជនសង្ស័យនេះ គឺករណីឃាតកម្ម (យកពូថៅដងឈើញ៉ុកមាត់ប្រពន្ធបណ្តាលឲ្យស្លាប់) កាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងខ្ទមសង់លើដីឡូត៍ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្មសង្ស័យប្ដីសម្លាប់ប្រពន្ធ​ រួចយកដងពូថៅញ៉ុកមាត់ស្លាប់ ក្នុងខ្ទមគួរឲ្យសង្វេគ។

ស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណមានវ័យប្រហែល ៣០ឆ្នាំ ស្នាក់អាស្រ័យជាមួយប្ដី ក្នុងខ្ទមត្រង់ចំណុចកើតហេតុ មានមុខរបររើសអេតចាយ ជាមួយគ្នា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដំបូងឡើយមានប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម តែមិនដឹងជាករណីអ្វីនោះទេ ទើបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើល ឃើញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ទើបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ ។

ក្នុងការណ៍ខាងលើនេះ មិនឃញបុរសជាប្ដីនៅកន្លែងកើតហេតុនោះទេ ហើយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ។ បន្ទាប់ពីមន្ត្រីជំនាញបានកោសល្យវិច័យលើសាកសពជាង ២ម៉ោង ទើបដឹងថា ជនរងគ្រោះត្រូវបានឃាតករយកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ និងសង្ស័យជំហ៊ានដំបូង ឃាតករគឺជាប្ដីជនរងគ្រោះតែម្ដង។

ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅខាងរថយន្តដឹកសព យកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីបូជាតាមប្រពៃណី៕

មតិយោបល់